អភិបាលខណ្ឌចំការមនថេងសុថុល៖ ចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក និងជួបសំណេះសំណាលជាមួយប្រជាជន
ភ្នំពេញ៖លោកអភិបាលខណ្ឌចំការមនថេង សុថុល ដឹកនាំក្រុមការងារនៃរដ្ឋបាលខណ្ឌចំការមន ចុះធ្វើការងារសង្គមនិងការងាររៀបចំធ្វើសណ្ដាប់ធ្នាប់ តាមដងផ្លូវនានាក្នុងមូលដ្ឋាន ការងារបរិស្ថាន ព្រមទាំងចុះសាកសួរសុខទុក្ខដល់បងប្អូប្រជាជន តាមលំនៅស្ថាននិមួយៗ និងបងប្អូនអាជីវករលក់ដូរអីវ៉ាន់នៅតាមតូប ឬស្តង់និមួយៗក្នុងទីផ្សារ ដើម្បីបង្កើនភាពស្និទ្ធស្នាលគ្នា រវាងអាជ្ញាធរខណ្ឌនិងបងប្អូនប្រជាជនរស់នៅ ក្នុងមូលដ្ឋានខណ្ឌចំការមនផ្ទាល់ ដោយស្វែងយល់ពីសុខទុក្ខលំបាករបស់ពួកគាត់ ក្នុងការរស់នៅរកស៊ីចិញ្ចើមជីវិត និងតម្រូវការពួកគាត់ នៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០១៩នេះ។
លោកថេង សុថុល ជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូន ប្រជាជនរស់នៅស្របតាម បណ្ដោយមាត់ប្រឡាយបឹងត្របែក ក្នងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវតាមលំនៅ ដើម្បីជម្រាបជូនពីគោលការណ៍បន្តស្ថាបនាជញ្ជាំងបេតុង នៅសងខាងប្រឡាយបឹងត្របែក ហើយក្នុងនោះបងប្អូនប្រជាជន មានការសប្បាយចិត្តរីករាយជាខ្លាំង និងចូលរួមសហការគ្នាជាមួយអាជ្ញាធរ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ផ្នែកជំនាញក្នុងការស្ថាបនាជញ្ជាំងបេតុងបឹងត្របែក។