ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ខ្សែក្រវាត់៤រូបប្រជែងគ្នា

116

​ភ្នំពេញ៖ម្ចាស់ខ្សែក្រវាត់ទម្ងន់៦៩គីឡូក្រាម៤រូបនឹងប្រជែងគ្នាលើសង្វៀនគោជល់របស់ស៊ី អិន សីដើម្បី​ប្រជែងគ្នាដណ្ដើមខ្សែក្រវាត់មួយដែលមានរង្វាន់អមចំនួន៤​​.០០០ដុល្លារ ។ ​អ្នកខ្លាំងទាំង៤រូបនោះមានអ្នកប្រដាល់កម្ពុជា២រូបនិងអ្នកប្រដាល់ថៃ២រូបហើយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៧សីហាតទៅ ។ព្រឹត្តិការណ៍នេះមានឈ្មោះថាអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកបះគ្នា(Red Bull kun Khmer Fighter-Champ of the champ)។

​ក្នុងសន្និសីទកាសែតនាព្រលប់ថ្ងៃទី១០សីហាបានប្រកាសឲ្យដឹងថានេះជាព្រឹត្តិការណ៍អស្ចារ្យមួយដែលពុំធ្លាប់មានពីមុនមកឡើយ ។នេះជាការជួបគ្នារវាងម្ចាស់ខ្សែក្រវាត់និងម្ចាស់ខ្សែក្រវាត់ដូចគ្នា ។

​សម្រាប់អ្នកប្រដាល់កម្ពុជា២រូបនោះមានរឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍និងនី សុភីក្លិបសាលវ័ន្ដកីឡា។ រីឯអ្នកប្រដាល់ថៃវិញនោះមានឈីងឆៃ គៀត ស ម៉ាន់ឆៃ(Chhingchhai Kiet .S.Manchhai) និង កងថៃលៀន កៀតណាវី( Kongthailien kietnavy) ។ពួកគេសុទ្ធតែជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦៩គីឡូក្រាមដូចគ្នា ។
​មួយសប្ដាហ៍មានការប្រកួតតែមួយគូប៉ុណ្ណោះហើយអ្នកចាញ់គឺខ្ទាតចេញពីការប្រកួតឯអ្នកឈ្នះនឹងឡើង​ទៅប្រកួតផ្ដាច់ព្រ័ត្រ ។

​អ្នកប្រដាល់កម្ពុជារឿង សោភ័ណ្ឌគេមានអាយុ២៧ឆ្នាំធ្លាប់ប្រកួតចំនួន១៦៧ដងឈ្នះ១៤៦ដងចាញ់១៧ដងស្មើពិន្ទុ៤ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៤៧ដង ។ចំពោះនី​សុភីវិញគេមានអាយុ២៨ឆ្នាំមានប្រវត្តិប្រកួតចំនួន១៤៦ដងឈ្នះ១០៤ដង ចាញ់៣៤ដងស្មើ៧ដងនិងវាយគូប្រកួតឲ្យសន្លប់ចំនួន៤៧ដងដែរ ។

​ចំពោះអ្នកប្រដាល់ថៃឈីងឆៃ គៀត ស ម៉ាន់ឆៃវិញគេមានអាយុ២៣ឆ្នាំព្រមទាំងមានប្រវត្តិប្រកួតចំនួន១៣០ដងឈ្នះ៩០ដងចាញ់៣៥ដងស្មើពិន្ទុ៥ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ដង។ចំពោះកងថៃលៀន កៀត ណាវីវិញគេមានអាយុ២១ឆ្នាំមានប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៧៥ដង ចាញ់២៥ដងស្មើពិន្ទុ៥ដង​និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ដង ។

​ជើងខ្លាំងទាំង៤រូបរឿង សោភ័ណ្ឌ នី​សុភី ឈីងឆៃ គៀត ស ម៉ាន់ឆៃ និង កងថៃលៀន កៀត ណាវីនរណាក្លាយជាម្ចាស់ខ្សែក្រវាត់?សូមបញ្ជាក់ថាម្ចាស់ខ្សែក្រវាត់នឹងបានទទួលរង្វាន់អមចំនួន៤.០០០ដុល្លារ ឯជើងឯករងបានទទួលពានមួយនិងរង្វាន់អមចំនួន១.០០០ដុល្លារប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង