បាក់ទំនប់ប្រទាក់ក្រឡា ស្ថិតក្នុងស្រុកទឹកឈូ ប៉ះពាល់ប្រជាពលរដ្ឋបួនឃុំ
កំពត៖ ដោយសារជំនន់ទឹកភ្លៀងជន់ជោរខ្លាំងហួសប្រមាណ បណ្តាលឲ្យអាងទំនប់ទឹកប្រទាក់ក្រឡាក្នុងស្រុកទឹកទឹកឈូ ខេត្តកំពត បានបាក់ ប្រវែង២០ម៉ែត្រ ដែលបណ្ដាលឲ្យផ្ទះពលរដ្ឋ និងដំណាំរងការជន់លិចខ្លាំង និងរងការខូចខាត នៅក្នុងឃុំ៤ រួមមាន ឃុំកូនសត្វ ឃុំកំពង់គ្រែង ឃុំម៉ាក់ប្រាំង និង ឃុំស្ទឹងកែវ។
បើតាមការផ្សព្វផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកំពត នៅថ្ងៃអាទិត្យទី 11 សីហានេះ ថ្នាក់ដឹកនាំខេត្ត ចុះពិនិត្យស្ថានភាពបាក់ទំនប់ប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ។ នៅព្រឹកថ្ងៃអាទិត្យ ១១កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំសមត្ថកិច្ចជំនាញ អាជ្ញាធរស្រុក ចុះពិនិត្យស្ថានភាពបាក់ទំនប់ប្រទាក់ក្រឡា ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលបានបាក់នៅវេលាម៉ោង៥ព្រឹកនេះ។
ក្រោយពីទទួលបានព័ត៌មានខាងលើ គណ:បញ្ជាការឯកភាពខេត្ត និងស្រុក បានចុះផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងត្រៀមជម្លៀសប្រជាពលរដ្ឋ ទៅរកទីទួលសុវត្ថិភាព។
លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹឈូ ប្រាប់សារព័ត៌មានក្នុងស្រុកថា ទំនប់ទឹកប្រទាក់ក្រឡា បានបាក់កាលពីព្រឹកថ្ងៃទី១១សីហា ហើយមកដល់រសៀលនេះ បាក់ប្រមាណជាង២០ម៉ែត។ ឃុំ៤ក្នុងស្រុកទឹកឈូ ត្រូវបានទឹកលិចខ្លាំង ហើយពលរដ្ឋនិងដំណាំជាច្រើនត្រូវជន់លិច។ ជន់លិចដោយសារបាក់ទំនប់នេះ បានហូរទៅកែបដែល បង្កឲ្យតំបន់មួយចំនួន កំពុងរងការជន់លិច។ នៅរសៀលថ្ងៃទី១១សីហានេះ អាជ្ញាធរកំពុងចុះពិនិត្យ និងជួយប្រជាពលរដ្ឋ។
ផ្ទះពលរដ្ឋ មានជាង៣ពាន់គ្រួសារ និងដំណាំស្រូវជិត៣០០ហិកតា ក្នុងស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងក្រុងកំពត បានរងការលិចទឹក រួមទាំងផ្លូវប្រមាណ៣០ខ្សែ។ នេះបើតាមរបាយការណ៍ កាលពីថ្ងៃទី១០សីហា របស់រដ្ឋបាលខេត្តកំពត។
នារសៀលថ្ងៃសៅរ៍ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត ននិងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាពជំនាញ ក្រុង ស្រុក ជិះទូកពិនិត្យមេីលស្ថានភាពទឹក និងបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្តោយមាត់ព្រែកកំពង់បាយ និង ភូមិបឹងព្រះ ឃុំកំពង់គ្រែង ខេត្តកំពត។
ក្នុងដំណេីរត្រួតនិនិត្យអំពីស្ថានភាពទឹកនេះ ក្រុមការងាររបស់ខេត្តបានជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ហេីយលោកអភិបាលខេត្ត បានពាំនាំមកនូវការផ្តាំផ្ញេីសាកសួសុខទុក្ខ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ ឯកឧត្តមបានបញ្ជាក់ថាសម្តេចទាំងទ្វេរតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទោះក្នុងកាលៈទេសៈណាក៏ដោយ ដោយមិនទុកអោយបងប្អូនជួបការលំបាកដោយមិនមានការជួយអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ឡេីយ។
លោករួមជាមួយក្រុមការងារបាននាំមកជាមួយនូវគ្រឿងឧបភោគ បរិភោគមួយចំនួនដេីម្បីចែកជូនដល់បងប្អូនរងគ្រោះ ដេីម្បីជួយសម្រួលនូវទុក្ខលំបាក ក្នុងគ្រាជួបគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនេះមានដូចជាមី៦៧កេះ ត្រីខ១០០យួរ ស្មេី១០០០កំប៉ុង និងថវិកា៥០០,០០០៛។ ឯកឧត្តមក៏បានផ្តាំផ្ញេីដល់បងប្អូនត្រូវបង្កេីនការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព ពិសេសរក្សានូវអនាម័យ ព្រោះគ្រោះទឹកជំនន់កេីតឡេីងតែងបង្ករអោយមានជាជំងឺអាសន្តរោគផ្សេងៗ ហេីយម្យ៉ាងទៀតត្រូវយកចិត្តទុកដាក់ចំពោះក្មេងតូចៗ មិនត្រូវបណ្តោយឲ្យលេងទឹក ឬនៅឆ្ងាយពីអាណាព្យាបាលឡេីយ។
សូមជម្រាបថា ដោយកត្តាអាកាសធាតុក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលព្យុះ ជាបន្តបន្ទាប់ ក្នុងនោះខេត្តកំពតក៏បានទទួលរងនូវឥទ្ធិពលនៃបាតុភូតធម្មជាតិនេះដែរ ដោយបង្ករឲ្យមានភ្លៀងជាប់ៗគ្នា បណ្តាលឲ្យកេីតមាននូវជំនន់ទឹកភ្លៀងនៅតាមភូមិសាស្ត្រមួយចំនួនក្នុងខេត្តកំពត។
ក្រៅពីខេត្តកំពត នៅមានខេត្តព្រះសីហនុ ខេត្តរតនគិរី និងបណ្តាខេត្តមួយចំនួនទៀត ដែលនៅតំបន់សមុទ្រ ក៏រងការយាយីដោយគ្រោះទឹកជំនន់ផងដែរ។ សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ ខេត្តព្រះសីហនុ និងខេត្តរតនគិរី មានមនុស្ស៤នាក់បានស្លាប់ដោយសារជំនន់ទឹកភ្លៀង រីឯទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត៕