ផ្សព្វផ្សាយសក្តានុពលកម្ពុជា និងអំពាវនាវឱ្យធុរជនចិន ចូលមកវិនិយោគថែមទៀតនៅកម្ពុជា
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា បានបង្ហាញជូនអ្នកវិនិយោគចិន ខេត្តគួយចូវ អំពីសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងកំណែទម្រង់ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច, វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញការបណ្តាក់ទុនបន្ថែមពីប្រទេសចិន លើវិស័យអាទិភាពសំខាន់ៗនៅកម្ពុជា។
ការបង្ហាញរបស់លោករដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព វេទិកាធុរកិច្ចកម្ពុជា-ថួឡឹ (ឈ្មោះភូមិក្នុងខេត្តគួយចូវ) ដែលរៀបចំឡើង នៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន នៃប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ លោក ឈួន ដារ៉ា បានជម្រាបជូនអង្គពិធី អំពីវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានដំឡើងរហូតដល់កម្រិតកំពូលគឺ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រាប់តាំងពីនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ជាដើម។ល។
បន្ទាប់មក នៅព្រឹកថ្ងៃដដែល លោករដ្ឋលេខាធិការ ឈួន ដារ៉ា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក លី លីងបូ លេខាធិការរងបក្សកុម្មុយនីស្ត និងជាអភិបាលទីក្រុងផានចូវ ដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តគួយចូវ ព្រមទាំងជំរុញការវិនិយោគទៅវិញទៅមក។
នៅក្នុងជំនួប លោករដ្ឋលេខាធិការ បានអំពាវនាវដល់វិនិយោគិនចិន ចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា និងបានសន្យាផ្តល់ជូនការសម្របសម្រួលពិសេស ចំពោះគម្រោងវិនិយោគនានា ជាមួយបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ជាការឆ្លើយតប លោក លី លីងបូ បានថ្លែងអំណរគុណ លោករដ្ឋលេខាធិការ ដែលបានចែករំលែកព័ត៌មានសំខាន់ៗ ទាក់ទងវឌ្ឍនភាពទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោកអភិបាលក្រុង ក៏បានសន្យាជួយជំរុញវិនិយោគិនទីក្រុងផានចូវ ឱ្យចូលមកស្វែងយល់អំពីសក្តានុពលកម្ពុជា ដើម្បីវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងវប្បធម៌ នាពេលខាងមុខ៕