ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Yunnan ចិន ចង់វិនិយោគលើប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់នៅក្រុងព្រះសីហនុ

62

ខេត្តព្រះសីហនុ ៖ ប្រធានក្រុមហ៊ុន Yunnan ចិន ចូលជួបពិភាក្សាជាមួយលោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះ សីហនុ ក្នុងគោលបំណងវិនិយោគលើប្រពន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។
លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិន មានប្រសាសន៍ថា ក្រុមហ៊ុនមានគោលបំណងវិនិយោគលើប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័បរិស្ថានទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ។ ក្រុមហ៊ុនលោកបានមកសិក្សាខ្លះៗនូវប្រពន្ធលូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៍ប៉ុន្តែមិនទាន់បានលំអិត និងស៊ីជម្រៅ ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាតិ ក្រុមហ៊ុនលោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្ត ធ្វើការពិនិត្យ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គម្រោងវិនិ យោគប្រពន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ក៍ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោល ថាតើ មានប្រពន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីរដ្ឋបាលខេត្តយកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃ អនុម័ត ។
លោកអភិបាលខេត្ត ស្នើរឱ្យក្រុមហ៊ុនសិក្សាឱ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីកែលម្អសោភណភាពបរិស្ថានក្រុងទេសចរណ៍នាទិសនារតី ៕

អត្ថបទដែលជាប់ទាក់ទង