ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះធុងហ្គាស នៅសៀមរាប មានមនុស្សចំនួន១២នាក់ បានរងរបួសធ្ងន់ស្រាល

84

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីផ្ទុះហ្គាសឆេះហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង នៅតាមផ្លូវលោកតាណឺយ ទល់មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មកទល់ល្ងាចថ្ងៃដដែលនេះ មានមនុស្សចំនួន១២នាក់ ក្នុងនោះស្រីចំនួន០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានជនជាតិបរទេសចំនួន០២នាក់ ជាស្រ្តីម្នាក់ ក្នុងនោះមានជនជាតិអាមេរិកចំនួន០១នាក់ និង ជនជាតិអង់គ្លេសចំនួន០១នាក់ ហើយក្នុងចំណោមមនុស្សរងរបួសទាំងអស់ មានមនុស្សចំនួន០៦នាក់ បានរងរបួសធ្ងន់ ប៉ុន្តែក្រោយមកបានស្លាប់ម្នាក់ជាស្ត្រី និង មនុស្សចំនួន០៦នាក់ផ្សេងទៀត បានរងរបួសស្រាល ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ម្ចាស់ទីតាំងមានឈ្មោះ ឈុក ឈុនលី ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរលក់ហ្គាស មានទីលំនៅបច្ចុប្បន្ន នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ហើយក្រៅពីមានមនុស្សស្លាប់និងរងរបួស បានបណ្តាលឲ្យខូចខាត ហាងបញ្ចូលហ្គាស មានជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ប្រវែង៨ម៉ែត្រគុណនឹង១២ម៉ែត្រ , ឆេះម៉ូតូខូចទាំងស្រុងចំនួន២គ្រឿង , ឡានបញ្ចូលហ្គាសចំនួន ០១គ្រឿង និង ឡាន០១គ្រឿងទៀតបែកកញ្ចក់ ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង និងប្រើប្រាស់ទឹកសរុបចំនួន៣០រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០៣គ្រឿង ប្រើទឹកអស់៧រថយន្ត , រថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថខេត្ត ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត , រថយន្តពន្លត់អគ្គិភ័យ បូរី ទេសចរណ៍ (ភូមិវប្បធម៌) ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្ត , រថយន្តពន្លត់អគ្គិភ័យរបស់នគរបាលការពារបេតិកភណ្ឌ ចំនួន០១គ្រឿង ប្រើទឹកអស់ ០៣រថយន្ត និង រថយន្តពន្លត់អគ្គិភ័យ របស់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ចំនួន០១គ្រឿង ប្រើទឹកអស់ ០២រថយន្ត ៕

អត្ថបទដែលជាប់ទាក់ទង