ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប​ញ្ជូន​ជនសង្ស័យ នួន វ៉ា ទៅតុលាការ

54

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៥ សីហា​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា គ្រោង​នឹង​ប​ញ្ជួ​ន​ជនសង្ស័យ​ម្នាក់ ឈ្មោះ នួន វ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទៅ​តុលាការ ក្រោយ​សកម្មភាព​ប្រើប្រាស់​បច្ចេកវិទ្យា​បោកប្រាស់​អ្នកដទៃ ។​

​ជនសង្ស័យ ឈ្មោះ នួន វ៉ា ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា រួមសហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ ២០១៩ បាន​ឃាត់ខ្លួន​ត្រង់ចំណុច​ផ្លូវ​ឌួង​ងៀប​៣ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ រូបនេះ បាន​បង្កើត​គណនី​ក្លែងក្លាយ ឆបោក​ជំរិត​ទារប្រាក់​អ្នកដទៃ និង​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដើម្បី​ទៅ​គំរាមកំហែង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ថ្នាក់ដឹកនាំ ។​

​ជនសង្ស័យ​បាន​សារភាព​នូវ​ទោសកំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នឹង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១៥ សីហា​នេះ ។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ថ្លែង​ដាស់តឿន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ទំនាក់ទំនង សន្ទនា​ជាមួយ​អ្នកដទៃ ឬ​មិត្តភក្តិ អ្នក​ដែល​ស្គាល់​ត្រូវ​បញ្ជាក់​ច្បាស់​មុននឹង​ផ្តល់ព័ត៌មាន​ផ្ទាល់ខ្លួន​ដូចជា​រូបភាព​បុគ្គល​ដោយ​ការ​លួងលោម​មនោសញ្ចេតនា​ណាមួយ ឬ​ផ្តល់​លុយកាក់​ជា​ថ្នូរ​នឹង​អ្វីមួយ​ឡើយ ចៀសវាង​ការចាញ់បោក នាំ​ឲ្យ​បាត់បង់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង