អ្នកវិនិយោគិនបរទេស និងអ្នកទេសចរណ៍បរទេស មកប្រទេសកម្ពុជា ទទួលរងគ្រោះ ១៦១ករណី
កំពង់ស្ពឺ ÷វិនិយោគិនបរទេស និងអ្នកទេសចរណ៍បរទេសដែលមកប្រទេសកម្ពុជា ទទួលរងគ្រោះមានចំនួន ១៦១ករណី សរុប ១៨១នាក់ មាន ៣០សញ្ជាតិ។
នាទីស្ដីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំការងារ វិនិយោគិនបរទេស និងអ្នកទេសចរណ៍បរទេស (HOTLINE) ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយី ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុម Hotline ជាមួយស្ថានតំណាងដែលមានស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានការអញ្ញេីញចូលរួមពីលោកឧត្តមសេនីយ៏ស្នងការនគរបាលតាមបណ្ដា រាជធានី ខេត្ត និងក្រុមការងារនាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០១៩នេះ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កត់សម្គាល់ឃើញថា វិនិយោគិនបរទេស និងអ្នកទេសចរណ៍បរទេសដែលមកប្រទេសកម្ពុជា ទទួលរងគ្រោះមានចំនួន ១៦១ករណី សរុប ១៨១នាក់ មាន ៣០សញ្ជាតិ លើ ១៨រាជធានី-ខេត្ត។
លោក នាយឧត្តមសេនីយី ថោង លីម បានបន្ថែមឲ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ខែមេសាដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះបើប្រៀបធៀបជាមួយត្រីមាសទី២ ឆ្នាំ២០១៨ មាន ១៧៨ករណី គឺថយចុះ ៩,៥% ដែលក្នុងសញ្ជាតិរងគ្រោះច្រើនជាងគេគឺ ចិន វៀតណាម បារាំង អង់គ្លេស អាមេរិក ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេ គឺនៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារល្អជាមួយបណ្តាស្ថានទូតនិងស្ថានតំណាងបេសកកម្មនានា ជាពិសេសបានប្រតិបត្តិការអន្តរាគមន៍ដោះស្រាយបញ្ហា និងជួយសង្គ្រោះវិនិយោគិនបរទេស និងទេសចរណ៍បរទេសបានទាន់ពេលវេលា៕