ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករ លក់ដូរនៅឆ្នេរអូរឈើទាល

42

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានជួបប្រជុំជាលើកទី២ ជាមួយបងប្អូនអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីដាក់បង្ហាញប្លង់សាងសង់តូបគំរូថ្មី របស់គណៈកម្មការឆ្នេរកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩ ។
តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមប្លង់សាងសង់តូបគំរូថ្មីនៅឆ្នេរអូរឈើទាលមាន ២ប្រភេទ គឺតូបទោល និងតូបភ្លោះ ដែលគណកម្មការបានចុះវាស់កំណត់និយាមកា បោះតម្រុយព្រំដោយមានទំហំតូបគំរូឯកភាពគ្នាតាមបទដ្ឋានបច្ចេកទេសគតិយុត្តិ ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលថា តាមការឯកភាពរបស់គណកម្មការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បីឱ្យបងប្អូនយកទៅសាងសង់តាមគំរូថ្មីមានរចនាបទ សោភ័ណភាពក្នុងការទាក់ទាញភ្ញៀវ ដូច្នេះពេលបញ្ចប់កិច្ចប្រជុំនេះ បងប្អូនអាចរកជាងសាងសង់ដោយខ្លួនឯងបាន ហើយមន្ត្រីជំនាញរបស់យើងនៅរង់ចាំជួយសម្របសម្រួលដើម្បីឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន ។
លោកបានបន្តថា ការសាងសង់នៅពេលនេះមានលក្ខណសមស្រប ព្រោះជារដូវភ្លៀងមិនសូវមានភ្ញៀវទេសចរ ហើយនូវរដូវប្រាំងខាងមុខភ្ញៀវទេសចរនឹងមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន ដូច្នេះបងប្អូនត្រូវជម្រុញការសាងសង់ឱ្យបានលឿន ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរដ្ឋបាលខេត្ត និងយកតំបន់ឆ្នេរអូរឈើទាលនេះ ជាកន្លែងបុណ្យឆ្លងឆ្នាំសកល ទន្ទឹមនិងដំណើរការសាងសង់តូបត្រូវចូលរួមផលប៉ះពាល់អនាម័យ បរិស្ថាន ។ ថ្វីត្បិតយើងបានតូបគំរូល្អ យើងក៏ត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឱ្យតំបន់ឆ្នេរអូរឈើទាល ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង