លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ១ខ្នងនៅក្រុងពោធិ៍សាត់ ចំណាយថវិកាជិត១០ម៉ឺន ដុល្លារ បានមកពីសប្បុរសជនម៉ាឡេស៊ី
ខេត្តពោធិ៍សាត់៖ លោក ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតី សម្ពោធដាក់អោយប្រើប្រាស់វិហារឥស្លាម១ខ្នង
ស្ថិតក្នុងភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោ ធិ៍សាត់ ។នៅថ្ងៃព្រហស្បតិ៍១៥ កើត ខែស្រាព ណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។
លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ បងប្អូននៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត ខេត្ត ពោធិ៍សាត់ ដែលទទួលបានសមិទ្ធិផលថ្មីនេះ ក៏ព្រោះតែ ប្រទេសយើងបានកែប្រែមុខមាត់ថ្មី ក្រោយពីសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ នេះគឺជាតំលៃនៃសន្តិភាព ដែលជាកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់រាជរដ្ឋាភិបាលយើង ដែលមានសម្តេចអគ្គមហា សេនាតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលធ្វើឲ្យប្រទេសយើងមានកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយ និយាយ ដោយឡែក ជាក់ស្តែងឆ្នាំនេះមានអ្នកទៅធ្វើហាជ្ជីមានដល់ទៅ ១១៣៧នាក់ នេះគឺជាតួលេខដ៏ច្រើនលើសលប់មួយ បើធៀបនិងសម័យមុន។
លោកបន្តថា ជាភ័ព្វសំណាងណាស់សំរាប់សាសនិកឥស្លាមនៅកម្ពុជា ដែលទទួលបាននូវការយកចិត្តទុកដាក់និងផ្តល់សិទ្ធគ្រប់យ៉ាងពីរាជរដ្ឋាភិបាល ក្នុងការគោរពប្រត្តិបត្តិ ក៏ដូចជាការចូលរួមចំណែក ក្នុងកាអភិឌ្ឍប្រទេសយ៉ាងស្មើមុខស្មើមាត់នៅក្នុងសង្គមជាតិទាំងមូល រហូតទទួលបានការកោតសរសើរពីអង្គការ OIC ដែលជាអង្គការធំទីពីរនៅលើពិភពលោក បន្ទាប់ពីUN។ លើសពីនោះទៅទៀតលោកអគ្គលេខាធិការបស់ OIC ក៏បានអំពាវនាវឲ្យប្រទេសដ៏ទៃទៀតយកគំរូតាមប្រទេសកម្ពុជាផងដែរ។
លោក បន្តទៀតថា នេះគឺជាតំលៃនៃសន្តិភាពដែលយើងត្រូវតែរួមគ្នាថែរក្សារឲ្យបាន។ ទន្ទឹមនិងការអនុវត្តន៍ និងការប្រត្តិបតិតាមច្បាប់ សាសនា ក៏សូមបងប្អូនចូលរួមគោរពច្បាប់រដ្ឋឲ្យបានផងដែរ។ ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រីក៏សូមថ្លែង អំណរគុណយ៉ាងធំធេង ចំពោះពុកម៉ែបងប្អូនទាំងអស់ ដែលនៅតែជឿជាក់និងរួមរស់ជាមួយគណ:បក្សប្រជាជនកម្ពុជា ជាក់ស្តែងអាណត្តិនេះ បងប្អូនសាសនិកឥស្លាមយើងបានបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជារហូតដល់ទៅជិត ៩៤ ភាគរយ។
សូមបញ្ជាក់ថា៖ វិហារនេះមានឈ្មោះថា អាល់មូពារឹក ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាបណ្ដោះអាសន្ននៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ ដោយសម្រេចការសាងសង់បាន ៩៥ ភាគរយ ហើយគណៈកម្មការសាងសង់និងប្រកាសស្វែងរកថវិកាពីសប្បុរសជនដើម្បីសាងសង់ប៉មខាងលើបន្ថែមឲ្យរួចរាល់ជាស្ថាពរនៅពេលខាងមុខដ៏ខ្លី។ វិហារនេះសាងសង់អស់ថវិកាចំនួន ៩៧,៨៩៦.០០ ដុល្លារ ក្នុងនោះថវិកាបានមកពីសប្បុរស ជនប្រទេសម៉ាឡេស៊ីចំនួន ៦០,០០០ .០០ដុល្លារ ថវិកាជាបដិភា គ របស់បងប្អូនសាសនិកឥស្លាមក្នុងស្រុកចំនួន ៣៧,៨៩៦.០០ ដុល្លារ៕