ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រូតូបលក់ដូរស្ដង់ដារថ្មីសម្រាប់រៀបចំ នៅតាមបណ្ដោយឆ្នេរ អូរឈើទាល មាន ២ប្រភេទគឺតូបទោល និងតូបភ្លោះ

331
ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩ បានជួបប្រជុំជាលើកទី២ ជាមួយបងប្អូនអាជីវករលក់ដូរ នៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីដាក់បង្ហាញប្លង់សាងសង់តូបគំរូថ្មី របស់គណៈកម្មការឆ្នេរកម្ពុជា ។
  តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមប្លង់សាងសង់តូបគំរូថ្មីនៅឆ្នេរអូរឈើទាល មាន ២ប្រភេទ  គឺតូបទោល និងតូបភ្លោះ ដែលគណកម្មការ បានចុះវាស់កំណត់និយាមកា បោះតម្រុយព្រំដោយមានទំហំតូបគំរូ ឯកភាពគ្នាតាមបទដ្ឋាន បច្ចេកទេសគតិយុត្តិ ។
  លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ សំណេះសំណាលជាមួយអាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល ថា តាមការឯកភាពរបស់គណកម្មការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បី ឱ្យបងប្អូនយកទៅសាងសង់ តាមគំរូថ្មីមានរចនាបទ សោភ័ណភាព ក្នុងការទាក់ទាញភ្ញៀវ ដូច្នេះពេលបញ្ចប់កិច្ចប្រជុំនេះ បងប្អូនអាចរកជាងសាងសង់ដោយខ្លួនឯងបាន ហើយមន្ត្រីជំនាញរបស់យើងនៅរង់ចាំជួយសម្របសម្រួលដើម្បីឱ្យការសាងសង់ ប្រព្រឹត្តទៅដោយរលូន ។
  លោកបានបន្តថា ការសាងសង់នៅពេលនេះមានលក្ខណៈ សមស្រប ព្រោះជារដូវភ្លៀងមិនសូវមានភ្ញៀវទេសចរ ហើយនូវរដូវប្រាំងខាងមុខភ្ញៀវទេសចរនឹងមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន ដូច្នេះបងប្អូនត្រូវជម្រុញការសាងសង់ឱ្យបានលឿន ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរដ្ឋបាលខេត្ត និងយកតំបន់ឆ្នេរអូរឈើទាលនេះ ជាកន្លែងបុណ្យឆ្លងឆ្នាំសកល ទន្ទឹមនិងដំណើរការសាងសង់តូបត្រូវចូលរួមផល ប៉ះពាល់អនាម័យ បរិស្ថាន ។ ថ្វីត្បិតយើងបានតូបគំរូល្អ យើងក៏ត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឱ្យតំបន់ឆ្នេរអូរឈើទាល ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ៕
អត្ថបទដែលជាប់ទាក់ទង