ជំរុញដល់លោកប្រធានផ្សារកាប់គោ ធ្វើការកែលម្អរទីផ្សារមានសោភ័ណភាព
ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមន បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០១៩នេះ ដោយជំរុញទៅដល់លោកប្រធានផ្សារកាប់គោ និងសហការី អោយបង្កើនការយកចិត្តទុកដាក់លើការងារគ្រប់គ្រង់ផ្សារ ដ៏មានវ័យចំណាស់នេះ ក្នុងការកែលម្អដោយលៃលកធ្វើយ៉ាងណា អោយទីផ្សារកាប់គោមួយនេះ មានសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថានល្អដូចបណ្ដាផ្សារនានា នៅក្នុងរាជធានីភ្នំពេញ ។ លោកអភិបាលខណ្ឌចំការមនបានលើកឡើងដោយសង្កត់ធ្ងន់ទៀតថា ជារួមកាលណាទីផ្សារមានអនាម័យ បរិស្ថានល្អ មានផាសុកភាព មានសោភ័ណភាព និង សន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរនោះ គឺជាការទាក់ទាញដល់អតិថិជនទូទៅ មកកាន់ទីផ្សាររបស់យើងផងដែរ ដូចនេះចាប់ពីពេលនេះតទៅ ស្នើដល់លោកប្រធានផ្សារ គួរគិតគូខិតខំលើការងាររបស់ខ្លួនអោយបានល្អប្រសើរ ក្នុងការរៀបចំទីផ្សារកាប់គោមួយនេះ អោយវាសក្ដិសមជាផ្សារនៅទីក្រុងភ្នំពេញ ហើយម៉្យាងទៀតនរណាៗ ក៏គាត់ស្គាល់ផ្សារកាប់គោនេះដែរ សូម្បីតែក្នុងបទចម្រៀង ក៏គេលើយកមកចម្រៀងដែរ ពោលគឺផ្សារកាប់គោ និង ពោធិចិនតុង ហើយបទនេះមានកាពេញនិយមស្ដាប់ស្ទើរគ្រប់វ័យ។
ផ្សារកាប់គោ គឺស្ថិតនៅម្ដុំប៊ូឌិញ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌចំការមនថេង សុថុល ប្រាប់អោយដឹងបែបនេះ ខណៈពេលលោកអភិបាល និងសហការី ចុះទៅពិនិត្យដល់ទីតាំងផ្សារកាប់គោ ហើយបានជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ នៅតាមតូបឬស្តង់លក់ដូរអីវ៉ាន់នីមួយៗ នៅក្នុងផ្សារកាប់គោនោះ ដើម្បីបង្កើនភាពស្និទ្ធស្នាលគ្នារវាងអាជ្ញាធរ និង បងប្អូនអាជីវករ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ៕