គ.ជ.ប មិនអាចធ្វើវិសោធនកម្មលើចំណុច ៨.១១.១ តាមការស្នើសុំរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឡើយ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ខែកក្កដានេះ បានលិខិតជម្រាបជូន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ករណីសំណើសុំធ្វើវិសោធនកម្មចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
គ.ជ.ប បានប្រកាសថា បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេសដែលជាបទពិសោធន៍ នៃការអនុវត្តការងារបោះឆ្នោតកន្លងមក គ.ជ.ប មិនអាចធ្វើវិសោធនកម្មលើចំណុច ៨.១១.១ តាមការស្នើសុំបានឡើយ។ ការសម្រេចរបស់គ.ជ.ប គឺផ្អែកលើមូលដ្ឋានច្បាប់ និងបទពិសោធន៍នានាកន្លងមក ។ ការតម្រូវឲ្យអ្នកបោះឆ្នោតគូសសញ្ញាធិក តែមួយគត់ ដើម្បីគាំត្រគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត គឺមិនឆ្លុះបញ្ចាំងអំពីបទប្បញ្ញតិ្តក្នុងកថាខណ្ឌទី២ នៃមាត្រា ១០៥និងមាត្រា១២០ ដែលកំណត់អំពីរបៀសគូសលើសន្លឹកឆ្នោត ដែលត្រូវចាត់ទុកជាបានការ តាមរយៈ គំនូសសញ្ញា។ តាមស្មារតីនៃបទប្បញ្ញត្តិនេះ គ្មានបានចែងតម្រូវឲ្យអ្នកបោះឆ្នោតត្រូវតែគូសញ្ញាធិក តែមួយគត់នោះឡើយ មានន័យថា ច្បាប់អនុញ្ញាតិឲ្យអ្នកបោះឆ្នោតគូសញ្ញាគាំទ្រទូទៅនៅលើសន្លឹកឆ្នោត វៀរលែងតែគំនូសសញ្ញាទាំងឡាយណា ដែលធ្វើឲ្យគេស្គាល់បាននូវអត្តសញ្ញាណ របស់អ្នកបោះឆ្នោត ដូចចែងក្នុងចំណុច៣ នៃកថាខណ្ឌទី៣ មាត្រា ១២០ នៃច.ប.ត.រ។ ការទទួលយកជាបានការនូវគំនូសសញ្ញាគាំទ្រជាទូទៅ នេះ ត្រូវបានអនុវត្តតាំងពីការបោះឆ្នោតសភាធម្មនុញ្ញ ឆ្នាំ១៩៩០ ដែលរៀបចំឡើងដោយអ៊ុនតាក់ មកម្ល៉េះ ហើយបទពិសោធន៍ដ៏ល្អនៃគំនូសសញ្ញាគាំទ្រជាទូទៅនេះ ក៏ត្រូវបានបន្តអនុវត្តសម្រា់បការបោះឆ្នោត ក្រោយៗទៀត ក្នុងគោលបំណងធានាការពារសំឡេងគាំទ្ររបស់អ្នកបោះឆ្នោត ក្នុងបរិបទនៃប្រទេសកម្ពុជាយើង។
លោកទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត “ស្ថិតក្នុងលក្ខខណ្ឌដែលគ.ជ.ប បានកំណត់នេះ គឺមិនធ្វើឲ្យប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោត ដូចមានចែងក្នុងមាត្រា ១០៦ នៃច.ប.ត.រ ទេ។ ជនណាដែលព្យាយាមដោយទុច្ចរិត ក្នុងគោលបំណងកត់សម្គាល់ ដើម្បីឲ្យដឹងថាអ្នកបោះឆ្នោតណាម្នាក់ ឬច្រើននាក់ បានបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយ នឹងត្រូវទទួលការព្រមានពីប្រធានការិយាល័យរាប់សន្លឹកឆ្នោត។ ក្នុងករណីនៅតែធ្វើសកម្មភាពដដែលឡើងវិញ ជាលើកទី២ នឹងត្រូវចាត់ទុកថាជាការរំលោភលើគោលការណ៍សម្ងាត់នៃការបោះឆ្នោត ហើយជនដេលមានការពាក់ព័ន្ធត្រូវបណ្តេញចេញពីការិយាល័យរាប់សន្លឹកឆ្នោត នឹងត្រូវទទួលទោសស្របតាមច្បាប់ស្តីពីការបោះឆ្នោត”។
ជាមួយករណីនេះដែរ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី១៦ ខែកក្កដា ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការធ្វើសន្និសីទសារព័ត៌មាន ស្តីពីជំហររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃទី១៩ខែកក្កដា នៅវិមានពិភពថ្មីសែនសុខ ៕