ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ឡាវ-វៀតណាម រួមគ្នាបើកជាផ្លូវការនៃសន្និសីទលើកទី៧ គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា

38

នាព្រឹកថ្ងៃសៅរ៍  ទី១៧ ខែសីហា ឆ្នាំ២០១៩ កម្មវិធីបើកជាផ្លូវការនៃសន្និសីទលើកទី៧ គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ស្តីពី តួនាទីរបស់រដ្ឋសភា ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ដោយមានការអញ្ជើញជាអធិបតីរបស់ លោកស្រី ថុង ធីហ្វុង អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម។ 

នៅក្នុងឱកាសនោះដែរ លោកប្រធានគណៈប្រតិភូ បានផ្តល់អនុសាសន៍មួយចំនួន៖ គួររួមគ្នាពិនិត្យ និងកែសម្រួលនូវបញ្ញត្តិច្បាប់វិនិយោគ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធនាគារ និងពន្ធដា ដែលមានភាពខុសគ្នានៅឡើយ។ 
 ជំរុញលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងបី ដោយស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងបី រួមគ្នាគិតគូរយកចិត្តទុកដាក់កុំអោយរាំងស្ទះដល់លំហូរពាណិជ្ជកម្មរបស់ប្រទេសយើង។ ស្នើឲ្យអាជ្ញាធរប្រទេសក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ធ្វើការជិតស្និទ្ធបន្ថែមទៀតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ថាមពល សាលារៀន និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់តម្រូវការជាក់ស្តែងតាមតំបន់ត្រីកោណអភិវឌ្ឍន៍។ រួមសហការគ្នាបន្ថែមទៀតក្នុងការកៀរគរហិរញ្ញវត្ថុ ពីវិស័យឯកជន និងដៃគូររវាងរដ្ឋនិងឯកជន ពិសេសប្រទេសជាដៃគូរអភិវឌ្ឍន៍ ដូចជា ប្រទេសជប៉ុន ចិន សហគមន៍អ៊ឺរ៉ុប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគារពិភពលោក(WB) និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀត។ 

គណ:ប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានមានប្រសាសន៍ថ្លែងអំណរគុណ និងអបអរសាទរយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋសភាវៀតណាម អាជ្ញាធរខេត្តខ្វាងនិញ និងប្រជាជនវៀតណាម ដែលបានរៀបចំនូវកិច្ចប្រជុំនេះឡើង និងការទទួលស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងកក់ក្តៅ៕

អត្ថបទដែលជាប់ទាក់ទង