ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូដេញវាយគ្នា ដូចរឿងភាគចិន ជ្រុលបុកចូលក្រោមរថយន្តឡង់គ្រីស័រ របួសធ្ងន់២នាក់

93

ភ្នំពេញ៖ យុវជន២នាក់ បានបោកក្បាលនឹងថ្នល់​របួសធ្ងន់ ដោយសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម ខណៈមានក្មេងស្ទាវមួយក្រុម ជិះម៉ូតូប្រដេញវាយគ្នាយ៉ាងលឿន ហើយបានជ្រុលទៅបុកចូលក្រោមរថយន្ត ឡង់គ្រីស័រ ស៊េរីទំនើបមួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវយ៉ាងពេញទំហឹងនោះ។

ហេតុការណ៍​នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃច័ន្ទ ទី១៦ ខែកក្ដដា​ ឆ្នាំ២០១៨ នៅចំណុចក្បែរមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាន ដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងស្ទាវជាច្រើននាក់ ជិះម៉ូតូ៣-៤គ្រឿង ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ដោយខ្លះមានកាន់ខ្សែក្រវ៉ាត់ជាប់ដៃ តាំងពីជិតរង្វង់ព្រះនរាយណ៍ ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ២ ដេញវាយគ្នាយ៉ាងអនាធិបតេយ្យ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LAND CRUISER ពណ៌ស (គ្មានស្លាកលេខ) បើកបរដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរពីជើងទៅត្បូង ហើយបានបត់ឆ្លងផ្លូវត្រឡប់ក្រោយបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានក្មេងស្ទាវ២នាក់ ដែលជិះម៉ូតូម៉ាក Nex ពណ៌ស​ ស្លាកលេខ កំពង់ឆ្នាំង 1D-5732 ឌុបគ្នាក្នុងលឿនយ៉ាងលឿននោះ បុកចំពីចំហៀងរថយន្តខាងស្ដាំរថយន្តពេញទំហឹង បណ្ដាលឲ្យ​ម៉ូតូចូលទៅក្រោមរថយន្ត។ ចំណែកយុវជនទាំង២នាក់ ខ្ទាតផ្លោងពីលើម៉ូតូបោកក្បាលនឹងថ្នល់ហូរឈាមសន្លប់ស្ដូកស្ដឹងទាំង២នាក់តែម្ដង។

ប្រភពដដែលបន្តថា ភ្លាមនោះ នារីម្នាក់ ដែលជាអ្នកបើករថយន្ត បានចុះពីលើរថយន្តទាំងអារម្មណ៍ភ័យ​ស្លន់ស្លោ រួចទាក់ទងទៅប្រាប់សាច់ញាតិឲ្យមកកន្លែងកើតហេតុ ដើម្បីជួយដោះស្រាយ។ រីឯក្មេងស្ទាវទាំង២នាក់ ដែលរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពចាក់អង្រែ ចេញមកដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យបង្អែកច្បារអំពៅ។

បន្តិចក្រោយមក កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានចុះមកធ្វើការវាស់វែង រួចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី​ស្រាយគ្នាទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង