អាជ្ញាធរចំការមនចុះផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅផ្សារទួលទំពូង
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ទួលទំពូង ព្រមទាំងអ្នកស្មគ្រ័ចិត្តកាកបាទក្រហម អាផ្ញាធរមូលដ្ឋានក្នុងខណ្ឌចំការមន នឹងគណៈកម្មាធិការផ្សារទួលទំពូង សរុបចំនួន៥៣នាក់ បានចុះអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសម្អាតអនាម័យបរិស្ថាន ជូនដល់ប្រជាជននៅក្នុងមូលដ្ឋានខណ្ឌចំការមននិងក្នុងផ្សារទួលទំពូង។
តាមការឲ្យដឹងពី លោក ប៉ាត ប៊ុនថា មន្ត្រីទទួលបន្ទុកយុវជនប្រចាំសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា៖ គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីក្រើនរំលឹក ក៏ដូចជាអប់រំដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការយល់ដឹងច្រើន ថែមទៀតពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការមិនប្រព្រឹត្តនូវឥរិយាបទដែលនាំឲ្យមានគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ ក្នុងនោះរួមមានទាំងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងផងដែរ ។ លោកសង្កត់ធ្ងន់ថា ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គឺជាមូលហេតុធំមួយដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតច្រើន ក្នុងនោះធ្វើឲ្យអ្នកបើកបរស្រវាំងភ្នែក ហ៊ឹងត្រចៀក ការគិត និងធ្វើសេចក្ដីសម្រេចចិត្តមិនបានលឿន ។រីឯសកម្មភាពបញ្ជាយានយន្តទៀតសោត ក៏មិនបានរហ័សដូចអ្នកដែលមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដែរ ។
ជាទូទៅគ្រោះថ្នាក់ដែលបណ្ដាលមកពីការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងរមែងធ្ងន់ជាងគ្រោះថ្នាក់ ដែលមិនពាក់ព័ន្ធដល់គ្រឿងស្រវឹង ព្រោះថាកាលបើស្ថិតក្នុងស្ថានភាពស្រវឹង អ្នកបើកបរអាចនឹងមានចិត្តបើកបរលឿនហួសល្បឿនកំណត់ បើកវ៉ាជែងគេឯងដោយខ្វះការប្រុងប្រយ័ត្ន មិនយកចិត្តទុកដាក់ក្នុងការពាក់ខ្សែក្រវាត់សុវត្ថិភាព ឫមួកសុវត្ថិភាព មិនគោរពភ្លើងស្តុបឫផ្លាកសញ្ញាចរាចរណ៍ជាដើម ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បើស្រវឹងសូមកុំបើកបរ និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ៕