រថភ្លើងបុករថយន្តឡិចសុីស ហើយបន្តដំណើរទៅមុខយ៉ាងរលូន
ភ្នំពេញ៖ នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ រថភ្លើងបុករថយន្តឡិចសុីស ចំពីមុខពេញទំហឹងដែលបណ្តាលឲ្យ អូសរថយន្តជាប់ពីខាងមុខរថភ្លើងរាប់សិបម៉ែត្រ ខូចខាតយ៉ាងខ្លាំង ដែលស្ថិតនៅផ្លូវបេតង់ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបានប្រាប់ថា រថយន្តឡិចសុីសធ្វើដំណើរពីត្បូងទៅជើងតាមផ្លូវលំ លុះមកដល់ចំណុចផ្លូវរថភ្លើង ក៏ស្រាប់តែមានរថភ្លើងមួយ បានមកដល់ គោលដៅពីកើតទៅលិច ហើយបានបុករថយន្តឡិចសុីស ដែលកំពុងបើកឆ្លងផ្លូវដែក យ៉ាងពេញទំហឹង ផ្នែកខាងស្តាំងនៃរថយន្ត ខូចខាតស្ទើរទាំងស្រុង។ បើតាមសម្តីរបស់ម្ចាស់រថយន្តឡិចសុីស RX330 ដែលពាក់ផ្លាកលេខ ភំ្នពេញ 2AK-0733 បានប្រាប់ថា ថ្ងៃនេះពិតជាស៊យខ្លាំងណាស់ បានមើលធ្វេងមើលស្តាំដែរ តែមិនឃើញមានឧបសគ្គទេ ដល់បើកឆ្លងផ្លូវរថភ្លើង ក៏រថភ្លើងបុកយកតែម្តង ម្យ៉ាងទៀត សូម្បីតែសុីផ្លេអ្នកបើករថភ្លើងក៏មិនចុចទៀត។
ក្រោយកើតហេតុ ម្ចាស់រថយន្តសឡិចសុីសសុខចិត្តយករថយន្តរបស់ខ្លួនទៅជួសជួលដោយខ្លួនឯង ហើយចំពោះរថភ្លើងមិនមានការខូចខាតអីទេ ក៏បន្តដំណើរទៅធម្មតា។ ទោះយ៉ាងណាជាច្រើនករណីមកហើយគ្រោះថ្នាក់ចរាចរ លើផ្លូវដែក ដែលរថភ្លើង បើកបុករថយន្តឬម៉ូតូ គឺខាងរថភ្លើងពុំទទួលខុសត្រូវក្នុងការចេញសងទៅលើការខូចខាត ខាងរថយន្តឬម៉ូតូនោះទេ ព្រោះថាផ្លូវដែកជាផ្លូវអាទិភាព របស់រថភ្លើងតែប៉ុណ្ណោះ ដូច្នេះរថភ្លើងមិនចេះខុសទេ ។ រថភ្លើងមានតែផ្លូវមួយគត់គឺផ្លូវដែករបស់ខ្លួន៕