ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនបុគ្គលឈ្មោះ សន សំនៀង ទៅតុលាការខេត្តកំពង់ធំ ករណីបង្ហោះព័ត៌មានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសកងរាជអាវុធហត្ថ

128

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បុគ្គលឈ្មោះ សន សំនៀង ដែលជាម្ចាស់គណនី Facebook ឈ្មោះ យមរាជ លោកីយ៍ ជាអតីតកងរាជអាវុធហត្ថ ដែលត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំហើយ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីបង្ហោះព័ត៌មានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសកងរាជអាវុធហត្ថ ។

នៅថ្ងៃទី១៨ ខែកក្កដានេះ កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មានជុំវិញការចាប់ខ្លួន និងការប្រព្រឹត្តបទល្មើសជនសង្ស័យខាងលើនេះ ហើយចំពោះពេលវេលា និងទីកន្លែងដែលនឹងធ្វើរៀបចំសន្និសីទកាសែត នឹងជម្រាបជូននៅពេលក្រោយ។

សូមជម្រាបថា បុគ្គលឈ្មោះ សន សំនៀង នេះ​ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ យមរាជ លោកកីយ៍ និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានមួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។
ឈ្មោះ យមរាជ លោកកីយ៍ មានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ​ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង បាញ់បោះសេរី និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

អត្ថបទដែលជាប់ទាក់ទង