ខឹងប្រពន្ធមិនសូវមកដេកផ្ទះ និងឧស្សាហ៍ទៅលេងបៀរ ជនជាតិ វៀតណាមម្នាក់ បែកគំនិតដុតផ្ទះខ្លួនឯង
កណ្តាល៖ កម្លាំងនគរបាលស្រុកពញាឮបានធ្វើការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងដុតផ្ទះខ្លួនឯង ។ ករណីនេះកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី នៅចំណុចភូមិ ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
មន្រ្តីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មៀង ធីចាង ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅភូមិ ស្លែងដីដុះ ឃុំ ព្រែកតាទែន ស្រុក ពញាឮ ខេត្ត កណ្តាល (ប្រពន្ធ)។ ចំណែកឯជនសង្ស័យមានឈ្មោះង្វៀង យុំាងយ៉ែរ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នេសាទត្រី មានទីលំនៅ ភូមិ ស្លែងដីដុះ ឃុំ ព្រែកតាទែន ស្រុក ពញាឮ ខេត្ត កណ្តាល (ប្ដី) ។សម្ភារ ខូចខាតផ្ទះបែលើទឹកសង់ពីឈើ ជញ្ជាំងក្តារប្រក់ស័ង្កសី ទំហំ ៥ ម៉ែត្រ គុណ ៧ ម៉ែត្រ(ខូចខាតទាំងស្រុង) ។
ប្រភពដដែលបន្តថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ បានទិញស្រាថ្នាំចំនួន ១លីត្រកន្លះផឹកជាមួយអ្នកភូមិចំនួន២នាក់ទៀត មានឈ្មោះ ប្រុស និងឈ្មោះយីម ភេទស្រី ពេលផឹកអស់ស្រាជនសង្ស័យបានទៅទិញស្រាថ្នាំចំនួនកន្លះលីត្រ រួចហើយដើរទៅលើបែរលើទឹករបស់ខ្លួនដែលស្ថិតនៅក្នុងទន្លេ ពេលទៅដល់លើបែរក៏ផឹកស្រានោះបន្ថែមទៀត ក្រោយមកជនសង្ស័យ នឹកឃើញប្រពន្ធខ្លួនមិនសូវមកដេកផ្ទះ និងឧស្សាហ៍ទៅលេងបៀរ ក្នុងខណៈនោះបានកើតមានកំហឹង បានកេសដែកកេសអុជជក់បារី និងបោះកន្ទុយបារីទៅលើវាំងនន បណ្តាលឲ្យ រាលឆាបឆេះដល់ជញ្ជាំងផ្ទះធ្វើឲ្យឆេះខូចខាតអស់ទាំងស្រុងតែម្តង។ បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកជំនាញ ចុះទៅកន្លែងកើតហេតុ បាននាំខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ ករណីនេះ ប្រពន្ធ សុំមិនប្ដឹងហើយសំណូមពរ ឲ្យអប់រំប្ដី នៅត្រឹមថ្នាក់ស្រុក ៕