បើកម៉ូតូជ្រុលទៅបុករថយន្ដបើកបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់ ឯតៃកុងរថយន្តរត់គេចបាត់
ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូមិនប្រកាន់ស្ដាំបានរេចង្កូតមកឆ្វេង ជ្រុលទៅបុករថយន្ដមួយគ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ ត្រូវរថយន្ដកិនស្លាប់អណោចអធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលេខ៥១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២-៣ ស្ថិតនៅក្នុង ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួល បានឲ្យដឹងថា៖ ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្ដសញ្ញាណ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ គ្មានផ្លាកលេខ ។ ចំណែករថយន្ដម៉ាក FUSO ប្រភេទបែន ពណ៌ប៉ៃតង គ្មានផ្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងរថយន្ដម៉ាក FUSO ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅពីត្បូងទៅជើង (ថ្នល់ទទឹង- បាត់ដឹង) លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាកស្មាស់មួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង (ក្នុងទិសដៅបញ្ច្រាសគ្នា) បានរេចង្កូតមកឆ្វេង ចូលក្នុងចំណែកផ្លូវ នៃយានយន្ដម្ខាងទៀត ក៏បុកជាមួយរថយន្ដខាងលើពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកមូតូស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះទៅកន្លែងកើតហេតុ រួចធ្វើការពិនិត្យ វាស់វែង កសាងឯកសារ។ បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសព ត្រូវបានកម្លាំងជំនាញ យកមកតម្កល់ទុកនៅវត្តភូមិថ្មី រង់ចាំរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕