ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរួចរាល់ក្នុងការប្រគេនទៀនវស្សានិងទេយ្យវត្តដល់ព្រះសង្ឃគង់នៅក្នុងវត្តទាំង១៥០វត្តក្នុងរាជធានីភ្នំពេញ

152

ភ្នំពេញ៖ នៅសល់តែងជាង១០ថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលកាន់ព្រះវស្សានឹងឈានចូលមកដល់ហើយ ។ពាក់ព័ន្អនឹងបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនេះ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណរួចរាល់ហើយ ដើម្បីនាំទៀនវស្សា ប្រេងកាត បច្ច័យនិងទេយ្យវត្តមួយចំនួនទៅប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តទាំង១៥០ក្នុងរាជធានីភ្នំពេញ ។

ទៀនវស្សា ប្រេងកាតនិងទេយ្យវត្តមួយចំនួន បានដឹកបញ្ជូនមករក្សាទុកនៅសាលារាជធានីភ្នំពេញអស់ហើយ មុនបន្តយកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់នៅទាំងអស់នៅក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះសម្រាប់មួយវត្តៗ នឹងទទួលបានបច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេងមួយកានចំណុះ៣០លីត្រ ស្កស១បាវទំងន់២៥គីឡួក្រាម ទឹកដោះគោចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស និងឧបត្ថមសហគមក្មេងវត្តចំនួន៥លានរៀល។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងនាព្រឹកថ្ងៃទី១៧ កក្កដានេះថា អនុវត្តមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានជម្រុញអោយមន្ត្រីដែលទទួលបន្ទុកការងារនេះប្រគល់បន្តទៅអោយខណ្ឌទាំង១២ ដើម្បីយកទៀនវស្សា ប្រេងកាត បច្ច័យនិងទេយ្យវត្ថុទាំងនេះទៅប្រគេនដល់វត្តនីមួយៗនៅក្នុងមូលដ្ឋានរបស់ខ្លួន ពោលគឺបញ្ជូនទៅតាមខណ្ឌអោយចប់ត្រឹមល្ងាចថ្ងៃទី១៧ កក្កដានេះ។

ពាក់ព័ន្ធនឹងបុណ្យចូលកាន់ព្រះវស្សា នឹងត្រូវធ្វើឡើង ក្នុងរយៈពេល៣ខែ ហើយក្នុងរយៈពេលនេះព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ ដូចនេះ ទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃ គឺជាការចាំបាច់បំផុត ជាទានដ៏ប្រពៃ ទទួលបាននូវបុណ្យកុសលពេញដោយបរិបូរណ៍តាមជំនឿ។

បច្ចុប្បន្នទូទាំងរាជធានីភ្នំពេញមានវត្តចំនួន១៥០វត្ត មានព្រះសង្ឃជាង៥០០០អង្គទាំងមហានិកាយ និងធម្មយុត្តិកនិកាយ។

សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សា មានរយៈ៣ខែ ដោយចាប់ពីថ្ងៃ១រោចខែអាសាឍ ត្រូវនឹងថ្ងៃទី២៨ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨៕

 

អត្ថបទដែលជាប់ទាក់ទង