លោក ថេង សាវឿន មិនមែនជាអ្នកតំណាងឱ្យ សហគមន៍កសិកម្មក្នុងប្រទេសកម្ពុជាទេ ហើយសហគមន៍អឺរ៉ុប ចាប់ផ្តើមអនុវត្តយកពន្ធអង្ករពីកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០១៩ថា លោក ថេង
សាវឿន មិនមែនជាអ្នកតំណាងឱ្យ សហគមន៍កសិកម្មក្នុងប្រទេសកម្ពុជាទេ ហើយសហគមន៍អឺរ៉ុប បានដាក់វិធានការការពារទីផ្សារលើអង្ករកម្ពុជារួចទៅហើយ ដោយចាប់ផ្តើមយកពន្ធ
លើអង្កររបស់កម្ពុជា ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅ ដោយឆ្នាំដំបូងពន្ធត្រូវបង់
មានចំនួន១៧៥អឺរ៉ូក្នុង១តោន ឆ្នាំទី២ត្រូវបង១៥០អឺរ៉ូក្នុង១តោន និងឆ្នាំទី៣ត្រូវបង់១២៥អឺរ៉ូក្នុង១តោន។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបញ្ជាក់ជូនសាធារណជនបានជ្រាបថា “លោក ថេង
សាវឿន មិនមែនជាអ្នកតំណាងឱ្យសហគមន៍កសិកម្មក្នុងប្រទេសកម្ពុជាទេ ហើយការអះអាងនៅក្នុងកម្មវិធីវិទ្យុអាស៊ី
សេរីកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ គឺជាការបញ្ចេញមតិយោបល់ និងការយល់ឃើញផ្ទាល់ខ្លួនរបស់គាត់តែ
ប៉ុណ្ណោះ មិនមែនជាមតិយោបល់បញ្ជាក់ពីជំហររបស់សហគមន៍កសិកម្មឡើយ”។
អ្នកពាក្យបានបន្តថា កន្លងមក សហគមន៍អឺរ៉ុបបានដាក់វិធានការការពារទីផ្សារលើអង្ករកម្ពុជារួចទៅហើយ ដោយចាប់ផ្តើមយកពន្ធ
លើអង្កររបស់កម្ពុជា ដែលនាំចូលទៅកាន់សូហគមន៍អឺរ៉ុបសម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
ការយកពន្ធនាំចូលអង្កររបស់កម្ពុជាចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅ ដោយឆ្នាំដំបូងពន្ធត្រូវបង់
មានចំនួន១៧៥អឺរ៉ូក្នុង១តោន ឆ្នាំទី២ត្រូវបង១៥០អឺរ៉ូក្នុង១តោន និងឆ្នាំទី៣ត្រូវបង់១២៥អឺរ៉ូក្នុង១តោន។ ការដាក់
វិធានការការពារទីផ្សារនេះ បានធ្វើឱ្យតម្លៃអង្ករកម្ពុជានៅលើទីផ្សារសហគមន៍អឺរ៉ុប មានការកើនឡើងបន្ថែមទៀត
ដែលបង្កើនការដាក់សម្ពាធមួយកម្រិតដល់ការប្រកួតប្រជែងទីផ្សារ។
ក្នុងស្ថានភាពនៃការដាក់វិធានការទីផ្សារលើការនាំចូលអង្ករទៅសហគមន៍អឺរ៉ុប ការពង្រឹងនិងពង្រីកសមត្ថភាព
ប្រកួតប្រជែងរបស់កម្ពុជា ពិសេសការកាត់បន្ថយថ្លៃដើមគឺជាកត្តាចាំបាច់បំផុត។ រាជរដ្ឋាភិបាលកម្ពុជាបានលើកកម្ពស់
ធុរកិច្ចស្រូវអង្ករ ពិសេសការជួយអន្តរាគមន៍បន្ទាបថ្លៃដើមផលិតកម្ម កែច្នៃឡូជីស្ទីក ដើម្បីឱ្យអង្ករកម្ពុជាអាចប្រកួត
ប្រជែងទីផ្សារបាន ដែលវិធានការជាក់លាក់ទាំងនោះត្រូវបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន កាល
ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានដាក់ចេញនូវវិធានការ
ចាំបាច់មួយចំនួនសម្រាប់អនុវត្តបន្ទាន់រួចហើយ ជាពិសេសការជំរុញឱ្យបានខ្លាំងក្លាបន្ថែមទៀតនូវវិធានការបច្ចេកទេស
ផលិតកម្មដែលទទួលបានទិន្នផលខ្ពស់ និងចំណាយតិច។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានយកចិត្តទុក
ជាក់ជំរុញឱ្យសមាគមន៍ម៉ាស៊ីនកិនស្រូវខិតខំបង្កើនសមត្ថភាពកែច្នៃអង្ករឱ្យមានគុណភាពបន្ថែមទៀត សម្រាប់បម្រើ
ឱ្យទីផ្សារអន្តរជាតិផងដែរ។
ពាក់ព័ន្ធសេចក្តីប្រកាសខាងលើនេះ នៅថ្ងៃទី ២៦ខែសីហា ឆ្នាំ២០១៩ លោកថេង សាវឿន បានសរសេរលើហ្វេសប៊ុកថា ”
ជាការពិតណាស់ខ្ញុំមិនដែលអះអាងថាជាតំណាងឲ្យសហគមន៍កសិកម្មទូទាំងប្រទេសម្ដងណាឡើយ! អ្វីដែលខ្ញុំបញ្ចេញមតិ គឺក្នុងក្របខ័ណ្ឌរបស់សមាជិក នៅតាមតំបន់គោលដៅ ដែលសមាគមខ្ញុំបាទ កំពុងធ្វើការជាមួយតែប៉ុណ្ណោះ ការបញ្ចេញមតិនេះ លើកឡើងអំពីការព្រួយបារម្ភ លើផលប៉ះពាល់ណាមួយ ដែលអាចកើតមានឡើង ចំពោះប្រជាលកសិករ នៅតំបន់ជនបទដែលកំំពុងប្រកបមុខរបរ ក្នុងវិស័យកសិកម្មចិញ្ចឹមជីវិត ហើយការបញ្ចេញមតិរបស់ខ្ញុំ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ដើម្បីជួយវិភាគទានបែបស្ថាបនា ក្នុងការចូលរួមចំណែកក្នុងសង្គមជាតិ ដើម្បីរកវិធីសាស្រ្តដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ ឬការបាត់បង់អត្ថប្រយោជន៍ របស់កសិករតែប៉ុណ្ណោះ”៕