ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ៖ ប្រទេសកម្ពុជាកំពុងតែមានសក្តានុពលលើការវិនិយោគ គ្រប់វិស័យ

51

ស្រីលង្កា៖ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសស្រីលង្កា ថា ប្រទេសកម្ពុជាកំពុងតែមានសក្តានុពលលើការវិនិយោគ គ្រប់វិស័យ ពិសេស វិស័យឧស្សាហកម្ម សំណង់ ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៏ លោកបានបញ្ជាក់បែបនេះ ខណៈលោក ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Buddika Pathirana អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា កាលពីថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅឯទីស្តីការក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសក កម្មពិសេស បានបញ្ជាក់ថា៖ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ្ធនិងយោគយល់ពីគ្នាលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ជា ពិសេស ដើម្បីជំរុញឲ្យមានឧស្សាហកម្មហាឡាល់នៅកម្ពុជាដែលជាឧស្សាហកម្មដ៏ធំមួយនៅលើពិភពលោកវិនិយោគ។
នៅក្នុងជំនួបនេះផងដែរ លោកក៏បានជម្រាបទៅលោករដ្ឋមន្ត្រីឧស្សាហកម្មស្រីលង្កាថា ៖ ក្រោយពីបញ្ចប់សង្រ្គាមសុីវិល កម្ពុជាបានអភិវឌ្ឍន៏ប្រទេសរបស់ខ្លួនយ៉ាងឆាប់រហ័សដែលបានរក្សានូវកំណើនសេដ្ឋកិច្ចក្នុងរយៈពេលជាង ២០ ឆ្នាំឲ្យស្ថិតក្នុងរង្វង់ជាង ៧ ភាគរយ ។
លោក អូស្មាន ហាស្សាន់ ក៏បានស្នើឱ្យអ្នកវិនិយោគស្រីលង្កាធ្វើការវិនិយោគទៅកាន់ ប្រទេសកម្ពុជាដែលកំពុងតែមានសក្តានុពលទៅលើការវិនិយោគ ក៏ដូចជាតម្រូវការចាំបាច់ នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ លោកបន្តថា ពាក់ព័ន្ធនឹងកិច្ចការហាឡាល កម្ពុជាបានបង្កើតស្ថាប័នហាឡាលមួយ ដែលជំរុញឲ្យមានឧស្សាហកម្មហាឡាល់នៅកម្ពុជាដែលជាឧស្សាហកម្មដ៏ធំមួយនៅលើពិភពលោក។
ក្នុងឱកាសនោះ លោក Buddika Pathirana បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក ទេសរដ្ឋមន្ត្រីអូស្មានហាសាន់ និងគណៈប្រតិភូ កម្ពុជា ដែលបានមកកាន់សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ហើយបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅថែមទៀត លោកក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានស្រាប់ គឺជាកត្តាមួយសំខាន់ដែរ ក្នុងការពង្រឹងនិងពង្រីកនូវទំហំពាណិជ្ជកម្មបន្ថែមទៀត៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង