ប្រេស៊ីលបដិសេធ មិនទទួលយក ថវិកាជំនួយចំនួន២២លានអឺរ៉ូ ពីប្រទេសកំពូលសេដ្ឋកិច្ច G7 សម្រាប់សង្រ្គោះភ្លើងឆេះព្រៃអាម៉ាហ្សូន
រដ្ឋាភិបាលប្រេស៊ីលបានចេញមុខបដិសេធ មិនទទួលយក ថវិកាជំនួយចំនួន២២លានអឺរ៉ូ ពីប្រទេសកំពូលសេដ្ឋកិច្ច G7 ដែលសំដៅចូលរួមជួយកិច្ចប្រឹងប្រែងពន្លត់ភ្លើង ដែលកំពុងឆេះព្រៃអាម៉ាហ្សូន (Amazon) ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅរសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។
ក្នុងកំឡុងកិច្ចប្រជុំកំពូល G7 ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បាននិយាយថា មេដឹកនាំនៃប្រទេស G7 បានព្រមព្រៀងគ្នាថា នឹងផ្តល់ជំនួយជាថវិកាចំនួន ២០លានអឺរ៉ូ (ជាង២២លានដុល្លារអាមេរិក) ដើម្បីជួយប្រទេសនៅតំបន់ព្រៃអាម៉ាហ្សូន ទប់ទល់នឹងបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់។ យ៉ាងណាមិញទីប្រឹក្សារបស់ប្រធានាធិបតីប្រេស៊ីល បាននិយាយថា យើងអរគុណហើយ ប៉ុន្តែប្រហែលជាធនធានជំនួយនេះគួរតែយកទៅប្រើប្រាស់ ក្នុងការដាំដុះព្រៃឈើឡើងវិញនៅអឺរ៉ុបគឺល្អជាង។
ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានរៀបចំកិច្ចប្រជុំកំពូល G7 និងទើបបានបញ្ចប់កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថា នឹងបញ្ចេញប្រាក់ជំនួយចំនួន ២២លានដុល្លារដើម្បីជួយប្រេស៊ីលដោះស្រាយបញ្ហាភ្លើងឆេះព្រៃអាម៉ាហ្សូន។
មន្រ្តីប្រេស៊ីលមិនបានផ្តល់ហេតុផលពីការមិនទទួលយកប្រាក់ជំនួយនោះទេ ប៉ុន្តែប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ថែមទាំងបានចោទប្រកាន់ប្រទេសបារាំងទៀតថា ចាត់ទុកប្រេស៊ីលជាប្រេសអាណានិគមន៍របស់ខ្លួន។
ចំណែករដ្ឋមន្រ្តីការពារជាតិប្រេស៊ីល បានថ្លែងថា ភ្លើងឆេះព្រៃនៅអាម៉ាហ្សូនអាចគ្រប់គ្រងបាន។ លោកបញ្ជាក់ថា ទាហ៊ានចំនួនជិត ៤៥.០០០នាក់ត្រូវបានដាក់ពង្រាយដើម្បីបង្រ្កាបភ្លើង និងបទឧក្រិដ្ឋបរិស្ថាននៅព្រៃអាម៉ាហ្សូន។
ប្រធានាធិបតីប្រេស៊ីល ថែមទាំងឌៀមដាមឲ្យប្រធានាធិបតីបារាំងទៀតថា “លោក Macron មិនអាចបញ្ចៀសបញ្ហាភ្លើងឆេះព្រះវិហារដែលជាផ្នែកមួយនៃបេតកភណ្ឌពិភពលោកបានផង ហើយនេះ គាត់មិនចង់ផ្តល់មេរៀនសម្រាប់ប្រទេសពួកយើងទៅវិញ?”
គួរជម្រាបថា ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយក ឧស្ម័នកាបូនជាច្រើនហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំង បញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកផងដែរ។ ដូច្នេះហើយការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិទាំងមូល។
តំបន់ព្រៃអាម៉ាហ្សូន គ្របដណ្ដប់លើប្រទេសដូចជា ប្រេស៊ីល, បូលីវី, កូឡុំប៊ី, អេក្វាដ័រ, ដែនដីបារាំងហ្គីយ៉ាណា (French Guiana), ហ្គូយ៉ាណា (Guyana), ប៉េរូ, ស៊ូរីណេម (Suriname) និងប្រទេសវេណេស៊ុយអេឡា ខណៈ៦០ភាគរយ គឺស្ថិតក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែងមានករណីឆេះច្រើនជាងគេ៕