លុបឈ្មោះ ផែង វណ្ណៈ ចេញពីក្របខ័ណ្ឌយោធា
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញប្រកាសមួយលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការសម្រេចលុបឈ្មោះផែង វណ្ណៈ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយប្រព្រឹត្តខុសនឹងច្បាប់លក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា លោក ផែង វណ្ណៈ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ប៉ុន្តែអនុវត្តន៍ទោស តែ២ ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងបង្គាប់ឱ្យសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿងស្នើចំនួន២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន ៦លានរៀល។
ក្រោយពេលអនុវត្តន៍ទោសបាន ២ខែកន្លះ តាមសេចក្តីសម្រេចរបស់តុលាការហើយនោះ លោក ផែង វណ្ណៈ ត្រូវបានតុលាការដោះលែង ឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩៕