ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលតម្រូវឲ្យអាជ្ញាធរកាន់កាប់ដី ឫលំនៅដ្ឋានជាទ្រព្យសម្បត្តិរដ្ឋ ត្រូវលើកសំណើមកក្រសួងសេដ្ឋកិច្ច

43

ភ្នំពេញ៖យោងតាមសារាចរ ស្តីពីវិធាននិងលក្ខណៈវិនិច្ឆ័យនៃការធ្វើប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ ជូនប្រជាពលរដ្ឋនិងមន្រ្តីរាជការ រាជរដ្ឋាភិបាលតម្រូវឲ្យអាជ្ញាធរកាន់កាប់ដី ឫលំនៅដ្ឋានជាទ្រព្យសម្បត្តិរដ្ឋ លើកសំណើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបំពេញនីតិវិធីបន្តស្នើសុំរាជរដ្ឋាភិបាលដើម្បីលើកសំណើ ធ្វើប្រទានកម្មដីធ្លី និងលំនៅឋានជូន ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ដែលរស់នៅដីនោះមានរយៈពេលយូរ ។

យោងតាមសារាចរ បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញជាវិធាននិងកំណត់ជាលក្ខណៈវិនិច្ឆ័យ ធ្វើប្រទានកម្មដីធ្លី និងលំនៅឋានជូន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដូចជា មានប្រវត្តិនិងអត្តសញ្ញាតាំងលំនៅ និងអាស្រ័យផលលើដីនោះ យ៉ាងតិច១០ឆ្នាំ ជាប្រជាពលរដ្ឋឫមន្រ្តីរាជការក្រីក្រមានជីវភាពខ្វះខាតពិតប្រាកដ និងមិនមានដី ឫផ្ទះជាកម្មសិទ្ធិផ្សេងទៀត ។

រាជរដ្ឋាភិបាលបានតម្រូវឲ្យក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបង្កើតគណៈកម្មការចម្រុះមួយ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីកំណត់អោយបានច្បាស់លាស់ ការធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ឫមន្ត្រីរាជការ ត្រូវមានការវាយតម្លៃលើទ្រព្យសម្បត្តិរដ្ឋ ការកាន់កាប់រយៈពេល ៥ឆ្នាំ បន្ទាប់ពីរដ្ឋបានផ្តល់ជូន ទើបអាចសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងក្នុងករណីចាំបាច់ ប្រមុខរាជរដ្ឋាភិបាលធ្វើការសម្រេចតាមស្ថានភាពជាក់ស្តែង ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ជាប្រចាំដល់ជីវភាពប្រជាពលរដ្ឋ និងមន្រ្តីរាជការនឹងស្នើដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ រដ្ឋបាលរាជធានី ខេត្ត អង្គភាពសាធារណៈប្រហាក់ប្រហែលថ្នាក់ក្រោមជាតិ និង នីតិបុគ្គលសាធារណៈ ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវអនុវត្តអោយមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង