បង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ២ករណី ចាប់ខ្លួនជនសង្ស័យ ២ នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម
ភ្នំពេញ៖ បើតាមការផ្សាយរបស់ផេកហ្វេសប៊ុក Anti-Drug Department នៅថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៩នេះថា អនុវត្តន៍តាមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ បាន ២ករណី ចាប់ខ្លួនជនសង្ស័យ ២ នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម នៅរាជធានីភ្នំពេញ។
កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ករណីទី១៖ នៅវេលាម៉ោង ២៣និង០៥ នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៩ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនស្រាវជ្រាវ បង្ក្រាបនៅចំណុចស្ថានីយ៍ប្រេងPTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សី រាជធានីភ្នំពេញ។ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈុំ ចាន់រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ដោយវត្ថុតាងចាប់យកបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ១៧៤,៧៣ ក្រាម។
ចំណែក ករណីទី២៖ នៅវេលាម៉ោង២១ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៩ នៅ ចំណុច ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈិត ឆាយយ៉ា ហៅសួ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ដោយរឹបអូសវត្ថុតាង ថ្នាំញៀនប្រភេទអិចស្តាស៊ី(រាវ) ៥០ដប ទម្ងន់សារធាតុញៀន ១.១៧០ ក្រាម ។ ថ្នាំញៀនអិចស្តាស៊ីគ្រាប់ទម្ងន់សុទ្ធ ៣៨១,១៤ក្រាម៕