ហេតុការណ៍អគ្គិភ័យឆេះអគារសិប្បកម្មផលិតពូក អង្គភាពពន្លត់អគ្គិភ័យប្រឈម ទៅនឹងកត្តាអវិជ្ជមានជាសត្យានុម័តចំនួន៣
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យឆេះអគារសិប្បកម្មផលិតពូក អង្គភាពពន្លត់អគ្គិភ័យប្រឈមទៅនឹងកត្តាអវិជ្ជមានជាសត្យានុម័តចំនួន៣ គឺ ភូមិសាស្រ្តស្មុគស្មាញ ច្រកចូលសង្គ្រោះតូចចង្អៀត មិនអាចចល័តរថយន្តពន្លត់អគ្គីភ័យបានទាន់ពេល សម្ភារៈដែលឆេះ សុទ្ធសឹង តែជាសារធាតុងាយឆេះ មានល្បឿនឆេះលឿនខ្លាំង ពិបាកពន្លត់ និងបង្កឲ្យមានផ្សែង ដែលជាសារធាតុពុល និងខ្វះអុកស៊ីហ្សែន ដូចជាផ្លាស្ទីក កាវ សាំងក្រអូប ក្រណាត់ សំឡី។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែទីសីហា ឆ្នាំ ២០១៩មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាប
អំពីប្រតិបត្តិការក្នុងការពន្លត់និងសង្គ្រោះអគ្គិភ័យ កាលពីថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៣:២០នាទីរសៀល នៅអគារសិប្បកម្មផលិតពូក ស្ថិតនៅក្រុមទី៤ ភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានី
ភ្នំពេញ ដូចខាងក្រោម៖
១. ហេតុការណ៍អគ្គិភ័យឆេះអគារសិប្បកម្មផលិតពូកដែលមានទីតាំងដូចបានបញ្ជាក់ជូនខាងលើ ត្រូវបាន
អន្តរាគមន៍សង្គ្រោះយ៉ាងសកម្មពីសំណាក់នគរបាលពន្លត់អគ្គិភ័យ ដោយមានកិច្ចសហការគាំទ្រយ៉ាងសស្រាក់សស្រាំពីកងពលតូចលេខ៧០ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមហ៊ុន OCIC ក្រុមហ៊ុនស្រាបៀកម្ពុជា និងបុរីប៉េងហួតដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥០គ្រឿង។ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំនៃអាជ្ញាធរដែនដី និងអង្គភាព
ជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ ដោយបានចុះផ្ទាល់ដើម្បីពិនិត្យ និងបញ្ជាដឹកនាំការសង្គ្រោះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
២. ក្នុងកិច្ចប្រតិបត្តិការសង្គ្រោះអគារសិប្បកម្មខាងលើ អង្គភាពពន្លត់អគ្គិភ័យប្រឈមទៅនឹងកត្តាអវិជ្ជមានជាសត្យានុម័តចំនួន០៣ គឺ៖ ទី១ ភូមិសាស្រ្តស្មុគស្មាញ ច្រកចូលសង្គ្រោះតូចចង្អៀត មិនអាចចល័តរថយន្តពន្លត់អគ្គី
ភ័យបានទាន់ពេល ទី២ ចំណុចចាប់ផ្តើមនៃអគ្គិភ័យគឺស្ថិតនៅចំណុចកណ្តាលនៃអគារសិប្បកម្មដែលធ្វើឲ្យភ្នាក់ងារពន្លត់អគ្គិភ័យ ពិបាកនឹងចូលទៅពន្លត់ដល់គោលដៅ និងទី៣ សម្ភារៈដែលឆេះ សុទ្ធសឹងតែជាសារធាតុងាយឆេះ
មានល្បឿនឆេះលឿនខ្លាំង ពិបាកពន្លត់ និងបង្កឲ្យមានផ្សែងដែលជាសារធាតុពុល និងខ្វះអុកស៊ីហ្សែន ដូចជាផ្លាស្ទីក កាវ សាំងក្រអូប ក្រណាត់ សំឡី គរ…។ល។ តែទោះជាយ៉ាងនេះក្តី ក៏កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានទប់ស្កាត់មិនឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានឡើយ។
៣. ហេតុផលខាងលើ បានបញ្ជាក់អំពីវិសាលភាពនៃអគ្គិភ័យនេះ ដែលមានឥទ្ធិពលពុំអាចគ្រប់គ្រងបាន បើ
ទោះបីជាអង្គភាពពន្លត់អគ្គិភ័យប្រើប្រាស់មធ្យោបាយយ៉ាងច្រើន និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តី។
ក្នុងនាមកងកម្លាំងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គ
មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសុភវិនិច្ឆ័យ ផ្តល់យុត្តិធម៌ និងគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងពន្លត់អគ្គិភ័យ និងប្តេជ្ញាប្រែក្លាយការគាំទ្រលើកទឹកចិត្តរបស់ សម្តេចតេជោ ឲ្យ
ទៅជាកម្លាំងមុតស្រួច ក្នុងការបន្តជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ ប្រកបដោយភក្តីភាព។
ជាមួយគ្នានេះ ក្នុងនាមកងកម្លាំងបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ សូមថ្លែងអំណរគុណដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ និងវិស័យឯកជនទាំងអស់ ដែលបានសហការក្នុងប្រតិបត្តិការសង្គ្រោះអគ្គិភ័យ ជាពិសេស ប្រជាពលរដ្ឋរស់នៅជុំទីតាំងកើតហេតុ ដែលបានផ្តល់កិច្ចសហការល្អប្រសើជាមួយសមត្ថកិច្ច។ ករណីនេះត្រូវបានម្ចាស់អគារបញ្ជាក់ថា បានខូចខាតសម្ភារៈទ្រព្យសម្បត្តិ រួមទាំងអគារប្រមាណជាង 3លានដុល្លារ៕