ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីកាប់លះមែកឈើ នៅតាម បណ្ដោយផ្លូវ២៤០ដើម្បីបង្ការការបាក់ឬរលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរ

51

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្ដើមដំណើរការនៃការកាប់លះដើមឈើនៅតាមបណ្ដោយផ្លូវ២៤០ក្នុងខណៈដូនពេញដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញនិងម្យ៉ាងទៀតដើម្បីបង្ការការបាក់ឬរលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរនៅក្នុងរាជធានីភ្នំពេញ។

    លោកសំសាមុតប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី២៨សីហានេះថាអនុវត្តតាមការណែនាំពីលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនៅពេលនេះបាននិងកំពុងដំណើរការកាប់លះមែកដើមអម្ពិលនៅតាមបណ្ដោយផ្លូវ២៤០ក្នុងខណៈដូនពេញដោយកាប់លះចាប់ពីផ្លូវព្រះស៊ីសុវត្តិដល់ផ្លូវព្រះមុនីវង្សសង្ខាងផ្លូវមានប្រវែង២គីឡូម៉ែត្រ

  លោកបន្តថាការងារនេះបានដំណើរការកាលពីសប្តាហ៍មុនហើយការងារនេះនឹងដំណើរការរហូតទៅសប្ដាហ៍ក្រោយទៀតទើបបានបញ្ចប់។

   លោកសំសាមុតក៏បានបញ្ជាក់ផងដែរថាការកាប់និងលះមែកដើមអម្ពិលតាមសងខាងផ្លូវខាងលើនេះគឺកាប់លះមែកដែលទោលទុនទៅលើផ្លូវនិងកាប់លះមែកឈើដែលទោលទុនទៅលើផ្ទះប្រជាពលរដ្ឋហើយការកាប់លះមែកឈើនេះគឺដើម្បីការពារកុំអោយបាក់រលំទៅលើផ្លូវបង្កឱ្យមានការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើនិងម្យ៉ាងវិញទៀតក៏ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែមានភាពទាក់ទាញផងដែរ។

    លោកសំសាមុតបានបញ្ជាក់ទៀតថាពាក់ព័ន្ធនិងសកម្មភាពកាប់លះមែកឈើតាមសងខាងផ្លូវខាងលើនេះកន្លងមកថ្មីៗនេះអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើសកម្មភាពកាប់លះមែកឈើតាមសងខាងផ្លូវសហព័ន្ធរុស្សុីមហាវិថីកម្ពុជាក្រោមផ្លូវលេខ១៣៦និងផ្លូវសុធារស់ហើយជាគោលការណ៍ណែនាំពីលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងបន្តធ្វើសកម្មភាពកាប់លះមែកឈើតាមបណ្តាលផ្លូវមួយចំនួនទៀត៕

 

   

អត្ថបទដែលជាប់ទាក់ទង