ផ្លូវមានលក្ខណៈកោងបួងចង្កូតខ្លាំង រថយន្តកុងតឺន័រក្រឡាប់ដេកលើទ្រូងផ្លូវសំណាងមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ
ភ្នំពេញ៖រថយន្តកុងតឺន័រមួយគ្រឿងបានក្រឡាប់ដេកទៅលើដីនិងធ្លាក់ទូកុងតឺន័រមកលើផ្លូវក្រោយពីបុរសម្នាក់បើករថយន្តកុងតឺន័រនេះក្នុងល្បឿនលឿនបួងចង្កូតខ្លាំងទើបបង្កអោយក្រឡប់រថយន្តធ្លាក់ទូកុងតឺន័រតែម្ដងតែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩នៅចំណុចផ្លូវលេខ២៧១កែងផ្លូវលេខ១៨២(មហាវិថីទេពផន) មូលដ្ឋានសង្កាត់ទឹកល្អក់៣ខណ្ឌទួលគោករាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ5A-0991 ស្លាកអក្សរកាត់នៅមុខរថយន្តL M H ដោយបានបើកបរតាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងមកជើងខណៈមកដល់ចំណុចកែងផ្លូវលេខ១៨២ដែលចំណុចនេះផ្លូវលេខ២៧១មានស្ថានភាពកោងបន្តិចហើយអ្នកបើកបរយកចង្កូតខ្លាំងទើបបណ្តាលអោយរថយន្តក្រឡប់តែម្ដង។តែសំណាងល្អមិនបង្កអោយមានរបួសដល់មនុស្សឡើយគ្រាន់តែខូចខាតផ្លូវសាធារណៈបន្តិចបន្តួច។
ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានចុះមកដល់កើតហេតុដើម្បីធ្វើសម្រួលចរាចរណ៍ជៀសវាងបង្កការកកស្ទះហើយសមត្ថកិច្ចក៏បានទាក់ទងជាមួយក្រុមហ៊ុនរថយន្តកុងតឺន័រអោយយករថយន្តសម្រាប់ស្ទួចកុងតឺន័រចេញពីកន្លែងកើតហេតុផងដែរ៕