ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ដោះលែងថៅកែផលិតឡេខុសច្បាប់
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការសាកសួរលើស្ត្រីម្នាក់ ជាថៅកែរោងចក្រផលិត និងវេចខ្ចប់ឡេខុសច្បាប់ទម្ងន់ជិត៣តោន ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានសម្រេចឲ្យត្រឡប់ទៅផ្ទះវិញហើយ រង់ចាំជំនុំជម្រះនៅពេលក្រោយ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។
លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្រោយបើកការស៊ើបសួររួចមក លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានសម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿងផលិត និងជួញដូរឡេដោយខុសច្បាប់ប្រមាណជិត៣តោននេះ ទៅជូនចៅក្រមបើកសវនាការជំនុំជម្រះ។ ដោយឡែកជនត្រូវចោទ ត្រូវលោក ហ៊ឹង ប៊ុនថន ដោះលែងឱ្យទៅផ្ទះវិញ រង់ចាំថ្ងៃចូលខ្លួនមកសវនាការ តាមការកោះហៅរបស់តុលាការ។
យោងតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញ នៅវេលាម៉ោង ១៤និង២០នាទី ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីផលិត វេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់ នៅចំណុចផ្ទះលេខ ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះរកឃើញ ផលិតផល និងសារធាតុគីមីបម្រើឲ្យការ ផលិតគ្រឿងសំអាងចំនួនប្រមាណ ១១ប្រភេទ(សម្ភារសម្បកវេចខ្ចប់ ម៉ាស៊ីនកាត់ និងអ៊ុតមាត់ថង់ ម៉ាស៊ីនកូឡេ) ពុំមានច្បាប់អនុញ្ញាតចំនួនប្រមាណ ២.៧០០គីឡូក្រាម ។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារងខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងបិទឃ្លុំបេ នៅទីតាំងខាងលើ និងបានយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៍រកសារធាតុហាមឃាត់ និងបាននាំខ្លួនម្ចាស់ទីតាំងមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕