សម្តេចតេជោ ប្រកាសអនុវត្តន៍នូវអភិក្រមទី៥ គឺវះកាត់ មន្ត្រីណា ដែលប្រព្រឹត្តនូវទង្វើទាក់ទងទៅនឹងបញ្ហា នៃកិច្ចប្រជុំសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ភ្នំពេញ៖ ក្នុងរយៈពេលមួយឆ្នាំពេញ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងយោបល់ បានដាក់របាយការណ៍ជូនសម្តេចតេជោចំនួន២៥១លើក ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី បញ្ហារំលោភយកដីរដ្ឋជាពិសេសរំលោភយកដីគម្របព្រៃឈើ បញ្ហាបទល្មើសព្រៃឈើ បញ្ហាបទល្មើសជលផល បញ្ហាបរិស្ថានផ្សេងទៀត ដូចជាការរំលោភការចាក់លុបឆ្នេរ បឹង ព្រែក បញ្ហាគ្រឿងញៀន អំពើពុករលួយ រួមទាំងបញ្ហាផ្សេងៗទៀត។ ក្នុងកិច្ចប្រជុំនោះ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅគឺត្រូវអនុវត្តន៍នូវអភិក្រមទី៥ គឺវះកាត់ចំពោះមន្ត្រីណាដែលប្រព្រឹត្តនូវទង្វើទាក់ទងទៅនឹងបញ្ហាដែលបានលើកឡើងខាងលើនេះ។
នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យការងាររយៈពេល១២ខែ ក្នុងការរកចំណុចកែលម្អ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
កិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវទស្សនវិស័យ ក៏ដូចជាចក្ខុវិស័យមួយចំនួនសម្រាប់ការអនុវត្តការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយកិច្ចប្រជុំ ក៏បានផ្តល់ឱកាសឱ្យសមាជិកទាំងអស់ ចូលរួមជាយោបល់ស្ថាបនា និងសំណូមពរផងដែរ។
ក្នុងរយៈពេល១២ខែកន្លងទៅនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបំពេញការងាររបស់ខ្លួន និងបានធ្វើរបាយការណ៍ជូនសម្ដេចតេជោផងដែរ ហើយរយៈពេលកន្លងមកនេះ គឺសមាជិកបានបំពេញបេសកកម្មប្រមូលទិន្នន័យ ដល់មូលដ្ឋានផ្ទាល់ គឺមានចំនួន២៩៥លើក ហើយបានដាក់ជូនសម្តេចតេជោចំនួន២៥១លើក ហើយការចុះទៅនោះ គឺដោយខ្លួនឯង គ្មាននរណាបង្គាប់បញ្ជានោះទេ ហើយរបាយការណ៍នោះ ក៏អត់យកទៅដាក់ទៅស្ថាប័នណាដែរ គឺជារបាយការណ៍ ដែលត្រូវដាក់ជូនតែសម្ដេចតេជោនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។
មកដល់ពេលនេះ សំណុំរឿងភាគច្រើនដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទទួលបាន គឺទាក់ទងទៅនឹងបញ្ហាទំនាស់ដីធ្លី បញ្ហារំលោភយកដីរដ្ឋជាពិសេសរំលោភយកដីគម្របព្រៃឈើ បញ្ហាបទល្មើសព្រៃឈើ បញ្ហាបទល្មើសជលផល បញ្ហាបរិស្ថានផ្សេងទៀត ដូចជាការរំលោភការចាក់លុបឆ្នេរ បឹង ព្រែក បញ្ហាគ្រឿងញៀន អំពើពុករលួយ រួមទាំងបញ្ហាផ្សេងៗទៀត។ ហើយបញ្ហាទាំងអស់នេះ ត្រូវបានសម្ដេចតេជោទទួលយក ហើយនឹងចេញ ស.ជ.ណ ដើម្បីដោះស្រាយតាមរយៈប្រជុំជាមួយក្រសួងដែលពាក់ព័ន្ធក្នុងការចាត់វិធានការ និងរកដំណោះស្រាយ។
កិច្ចប្រជុំនេះ ជារួមគឺសម្ដេចតេជោនាយករដ្ឋមន្ត្រី បានឆ្លើយតបទៅតាមសំណើរ និងសំណូមពរនូវអ្វីដែលជាផលប្រយោជន៍របស់ជាតិ និងប្រជាជន ដែលសម្តេចគិតថា ជាធាតុចូលមួយក្នុងការរួមចំណែក និងជាពហុគំនិតដល់ការកំណែទម្រង់របស់រាជរដ្ឋាភិបាល។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនេះផងដែរថា ចាប់ពីពេលនេះតទៅគឺត្រូវអនុវត្តន៍នូវអភិក្រមទី៥ គឺវះកាត់ ដូច្នេះមន្ត្រីណាដែលប្រព្រឹត្តនូវទង្វើទាក់ទង ទៅនឹងបញ្ហាដែលបានលើកឡើងខាងលើនេះ គឺមិនត្រឹមតែដាក់ទោសប៉ុណ្ណោះនោះទេ ថែមទាំងដកតំណែង និងការរឹបអូស ឬបង្កកទ្រព្យសម្បត្តិផងដែរ ដូចជាករណីការរំលោភដីធ្លី និងបញ្ហាបទល្មើសព្រៃឈើជាដើម។
នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងយោបល់ ដែលបានចូលរួមចំណែក ក្នុងការប្រមូលធាតុចូល ក៏ដូចជាការស្រាវជ្រាវរកបញ្ហាដែលបានកើតឡើងនៅតាមមូលដ្ឋាននានា ក្នុងការដាក់ជូនដល់រដ្ឋាភិបាល ដើម្បីធ្វើសេចក្តីសម្រេចចិត្តនិងរកវិធីដោះស្រាយ ដែលសម្តេចគិតថា យន្តនេះ គឺជាការជួយរាជរដ្ឋាភិបាល និងជាការជួយឲ្យទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលរំកិលទៅកៀកគ្នា ដើម្បីធានាបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈ ឲ្យមានភាពល្អប្រសើរ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់ របស់គណបក្សនយោបាយ ជូនរាជរដ្ឋាភិបាលក្រៅក្របខ័ណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕