ទីស្នាក់ការភូមិកណ្តាល និង ភូមិកណ្តាលទី១ ក្នុងសង្កាត់ច្បារអំពៅទី២សម្ភោធបើកអោយប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ ៖ ទីស្នាក់ការភូមិកណ្តាល និង ភូមិកណ្តាលទី១ ក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ ដែលទើបកសាងរួច ត្រូវបានសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៩ ខែសីហានេះ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ។
លោកចេង មុនីរ៉ា មានប្រសាសន៍ថា៖ កន្លងមកនេះ ទីស្នាក់ការភូមិស្ទើរតែបាត់អស់ពីទៅមូលដ្ឋានទៅហើយ។ កន្លងមកនេះដែរ ប្រជាពលរដ្ឋបើចង់ទៅរកមេភូមិ ត្រូវតែទៅរកនៅផ្ទះរបស់គាត់។ រាល់ឯកសារផ្សេងៗត្រូវបានលោកមេភូមិរក្សាទុកនៅផ្ទះរបស់គាត់។ និយាយជារួម ផ្ទះរបស់គាត់គឺជាការិយាល័យសំរាប់ធ្វើជាកន្លែងធ្វើការរបស់គាត់។
លោកអភិបាលខណ្ឌ បានអោយដឹងទៀតថា៖ ការបង្កើតអោយមានទីស្នាក់ការភូមិគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថា បើយើងមានទីស្នាក់ការភូមិ ទីស្នាក់ការនគរបាលមណ្ឌល គឺលោកមេភូមិ និង មន្រ្តីនគរបាល បានទៅអង្គុយធ្វើការ ប្រចាំការគ្រប់ពេលវេលា ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយរាល់ឯកសារផ្សេងៗយើងមានកន្លែងរក្សាទុកបានត្រឹមត្រូវ។ លោកចេង មុនីរ៉ា ក៍បានណែនាំដល់លោកមេភូមិ និង មន្រ្តីនគរបាលមណ្ឌល ត្រូវមកបំពេញការងារជូនប្រជាពលរដ្ឋអោយបានជាប់ជាប្រចាំ ចៀសវាងពេលប្រជាពលរដ្ឋមានការងារបន្ទាន់ផ្សេងៗមកអោយជួយ រកមិនឃើញ។
រដ្ឋបាលខណ្ឌច្បារអំពៅ នឹងបន្តជំរុញអោយតាមបណ្តាសង្កាត់នានារបស់ខណ្ឌ បង្កើតអោយមានទីស្នាក់ការភូមិ អោយបានគ្រប់ភូមិ ដើម្បីងាយស្រួលដល់ការបំរើសេវាជូនប្រជាពលរដ្ឋ អោយបានលឿន។ ក្នុងឱកាសនោះដែរលោក ចេង មុនីរ៉ា បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ, ត្រូវចេះវេចខ្ចប់សំរ៉ាមអោយបានត្រឹមត្រូវដោយដាក់មុខផ្ទះរបស់ខ្លួនងាយស្រួលដល់ការប្រមូលយកចេញ និង តាមផ្ទះនិមួយៗកុំតយ៉ាកឬ សំយាបមកគ្របលើចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕