សម្តេចសខេង៖ការប្រមូលផ្តុំគ្នាដើម្បីទទួលលោកសម រង្ស៊ីជាអំពើខុសច្បាប់ ហើយ អាជ្ញាធរនឹងចាត់វិធានការ
ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានមានប្រសាសន៍ថា អាជ្ញាធរនឹងចាត់វិធានការ ចំពោះការប្រមូលផ្តុំរបស់សកម្មជនរបស់អតីតគណបក្សប្រឆំាំង ដើម្បីរង់ចាំទទួលលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ។ សម្តេច ស ខេង បានថ្លែងបែបនេះ បន្ទាប់ពីសកម្មជនគាំទ្រលោកសម រង្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ទាំងក្នុងប្រទេស និងក្រៅប្រទេស ប្រមូលផ្តុំគ្នា តាមការអំពាវនាវរបស់លោកសម រង្ស៊ី កាលពេលកន្លងមកនេះថា លោកហ្នឹងវិញត្រឡប់ចូលស្រុកខ្មែរវិញ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ កាលណាសកម្មភាពនយោបាយ ធ្វើឡើងក្រោមស្លាក់គណបក្សនយោបាយដែលស្របច្បាប់ គឺជាការត្រឹមត្រូវ និងលើកទឹកចិត្តដើម្បី ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការប្រជុំទាំងឡាយណាដែលគណបក្សនយោបាយ ដែលត្រូវបានរំលាយ ដោយតុលាការកំពូលរំលាយ គឺជាការប្រជុំមិនត្រឹមត្រូវតាមច្បាប់ មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យឡើយ។ បន្ថែមលើនេះការប្រជុំគ្នាដើម្បីគាំទ្រចលនាខុសច្បាប់ គឺជាការខុសច្បាប់។
ការប្រមូលផ្តុំមហាជន ប្រជាជន ដើម្បី ទៅប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត គឺក៏ខុសច្បាប់ដែរ។ រាជរដ្ឋាភិបាលបានកំណត់ ហើយគឺត្រូវ ធានាសុខសន្តិភាព ស្ថេរភាព ហើយធានាលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាវារស់បន្តទៅទៀត។
សម្តេចក្រឡាហោម បានថ្លែងអំពាវនាវដល់ប្រជាជនគ្រប់រូប សូមកុំធ្វើសកម្មភាពណាមួយ ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាល និងកម្លាំងអាជ្ញាធរនោះ គឺមិនត្រឹមត្រូវទេ ព្រោះវាមិនមែនជាសិទ្ធិស្របតាមច្បាប់ជាធរមានទេ។
សម្តេច ស ខេង បានបញ្ជាក់ថា គាត់មានបំណង តែបើយើងមិនដោះស្រាយទុកឲ្យប្រទេសក្រឡាប់ចាក់ សួរថាតើយើងនិងប្រជាជននឹងមានបញ្ហា គឺអន្តរាយធំ។ អ៊ីចឹងហើយអ្នកដែលលើកឡើងថា រាជរដ្ឋាភិបាលធ្វើឲ្យមានបញ្ហានេះ បញ្ហានោះ តែបើយើងទុកឲ្យធ្វើនោះវានឹងក្រឡាប់ចាក់។ យើងកំណត់សន្តិភាពស្ថេរភាព អ្នកដែលធ្វើខុសច្បាប់ គឺយើងនឹងអនុវត្តន៍ហើយ៕