ទឹកជំនន់ប្រទេសនីហ្សេរីយ៉ា សម្លាប់មនុស្ស៤៤នាក់ និងបាត់ខ្លួនជាច្រើន
នីហ្សេរីយ៉ា៖ ទឹកជំនន់កាលពីថ្ងៃអាទិត្យនៅឯរដ្ឋ កាត់ស៊ីណា (Katsina) ភាគខាងជើងប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្ស ៤៤នាក់បានស្លាប់ និង ២០នាក់ទៀតបាត់ខ្លួន ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
សារព័ត៌មាន វ៉ាន់ហ្គាដ (Vanguard) ផ្អែកលើប្រភពពីមន្ត្រីនៅក្នុងតំបន់ បានរាយការណ៍ថា ក្រៅតែពីមនុស្សស្លាប់ និងអ្នកបាត់ខ្លួន ផ្ទះច្រើនជាង ៥០០ខ្នង ត្រូវបានបំផ្លាញដោយគ្រោះទឹកជំនន់នេះ ខណៈមនុស្សរាប់ពាន់នាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ទៅកាន់ទីទទួលមានសុវត្ថិភាព។
Vanguard បានបន្ថែមទៀតថា តំបន់ជីបៀ (Jibia) នៃរដ្ឋ Katsina គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ រីឯភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមធ្លាក់កាលពីថ្ងៃអាទិត្យ រហូតដល់ព្រឹកថ្ងៃចន្ទម្សិលមិញ ដោយសម្លាប់សត្វចិញ្ចឹមជាង ២០០ក្បាលផងដែរ៕