រដ្ឋបាលខណ្ឌដង្កោស្ថាបនាផ្លូវបេតុងថ្មីចំនួន២ខ្សែ ចងដៃប្រជាពលរដ្ឋក្នុងសង្កាត់ពងទឹក
ភ្នំពេញ៖កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អជ្ញាធរភូមិ សង្កាត់ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន ២ខ្សែ ចងដៃប្រជាពលរដ្ឋក្នុងសង្កាត់ពងទឹកនៅមុនរដូវភ្ជុំបិណ្ឌ ព្រមទាំងបានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ។
មន្ត្រីជំនាញរដ្ឋបាលខណ្ឌដង្កោបានឱ្យដឹងថា៖ផ្លូវបេតុងទាំង០២ខ្សែរួមមាន៖ទី១. ប្រវែង ៣៦៦ម៉ែត្រ និងទទឹង៥ម៉ែត្រទី២. ប្រវែង ៦៧៣ម៉ែត្រនិងទទឹង៤ម៉ែត្រ មានទីតាំនៅក្នុងភូមិឃ្លះសណ្តាយ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានរំលឹកពីការលើកឡើង ការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះ ។ក្នុងនោះលោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋផងដែរ។
លោកអភិបាលខណ្ឌដង្កោ ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនរយនាក់នេះ បានលើកឡើងពីសមិទ្ធិផលថ្មីមួយនេះទៀត ជាចំណងដៃជូនបងប្អូនមុនរដូវភ្ជុំបិណ្ឌ ដើម្បីងាយស្រួលធ្វើដំណើរ។ ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏សុំការយោគយល់ពីបងប្អូន ដែលរស់នៅតាមសងខាងផ្លូវ សូមអធ្រាស្រ័យចំពោះក្រុមការងារជួសជុលផ្លូវផង និងចូលរួមសហការជាមួយមន្រ្តីក្រុមការងារឲ្យបានល្អប្រសើរ ដែលទាំងនេះជាផលប្រយោជន៍រួមរបស់បងប្អូននោះទេ។
ក្នុងពិធីនោះលោកអភិបាលខណ្ឌ ដែលបានថ្លែងទៅកាន់ប្រជាពលរដ្ឋនោះ ក៏បានលើកឡើងទៀតថាសមិទ្ធិផលទាំងនេះ សម្រាប់បងប្អូនគឺនៅមានបន្តទៀត ទាំងនេះជាការចូលរួមទាំងផ្ទាល់ និងប្រយ៉ោលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕