ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុម័តទាំងស្រុង លើសេចក្តីព្រាង “កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២”

50

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាង “កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២”។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាង “កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២”
ដែលមានខ្លឹមសារដូចខាងក្រោម៖
សេចក្តីផ្តើម
គោលបំណងសំខាន់នៃកម្មវិធីនិយោគសាធារណៈ (ក.វ.ស.) ៣ឆ្នាំរំកិល ២០២០-២០២២ គឺធ្វើការបង្ហាញពីទិន្នន័យគម្រោងវិនិយោគដែល​មានអាទិភាពខ្ពស់របស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា​ដែលជាគោលនយោបាយមានចែង​នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ.) ២០១៩-២០២៣ ។ ផ.យ.អ.ជ ២០១៩-២០២៣ ដែលបានអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិ កាលពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយមានមូលដ្ឋានពីធាតុចូលរបស់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ដោយផ្អែកលើស្មារតី និងខ្លឹមសារនៃ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ត្រូវបានរៀបចំឡើងដោយមានការគិតគូរដល់កត្តាចម្បងនិងស្ថានភាពជាក់សែ្តងពីរសំខាន់ៗពោលគឺ ទី១ ការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលនយោបាយមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និង ទី២ តម្រូវការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ (ប្រមាណ ២១៣០០ លានដុល្លារអាមេរិក)។
ការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលមាននៅក្នុងជំពូក ទី២ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ បានបង្ហាញយ៉ាងច្បាស់លាស់អំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន និងបង្ហាញប្រឈមមួយចំនួនដែលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍរបស់យើង ។
ដូចេ្នះ ការងារដោះស្រាយបញ្ហាប្រឈមទាំងនោះ ទាមទារឲ្យមានការប្រឹងប្រែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត ដើម្បីធ្វើឲ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច(ផ.ស.ស.) ក្នុងរង្វង់៧% ក្នុងមួយឆ្នាំនិងទិសដៅអាទិភាពនានាដែលគាំទ្រប្រជាជនក្រីក្រ និងជនបទ ដូចជាការអភិវឌ្ឍកសិកម្ម និងជនបទ តាមរយៈការលើកម្ពស់ផលិតភាពនិងពិពិធកម្ម កសិកម្មដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និង ផែនការយុទ្ធសាស្រ្តអវភិឌ្ឍន៍ជាតិ ២០១៩-២០២៣ ។ ការងារទាំងនេះគឺជាអាទិភាពតែមួយគត់ដែលអាចផ្តល់នូវផលប្រយោជន៍ចំពោះមុខនិងយូរអងែ្វង ក៏ដូចជាផ្តល់នូវបណ្តាញសុវត្តិភាពសង្គម ដ៏ឆាប់រហ័សសម្រាប់ប្រជាជនក្រីក្រដែលភាគច្រើនរស់នៅតំបន់ជនបទ ព្រមទាំងអាចបង្កើននូវអំណាចទិញ និងសុខុមាលភាពរបស់ពួកគាត់ធានានូវចីរភាពកំណើនសេដ្ឋកិច្ច និងជំរុញការធ្វើពិពិធកម្ម និងពង្រីកមូលដ្ឋានសេសដ្ឋកិច្ចឲ្យបានទូលាយជាងមុន ។ ក្នុងន័យនេះ កិច្ចខិតខំប្រឹងប្រែងអនុវត្ត ដើម្បីឲ្យបានសម្រេចនូវគោលដៅទាំងនេះទទួលបានអាទិភាពខ្ពស់នៅក្នុងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ។
កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ដែលមានតម្លៃសរុបប្រចាំឆ្នាំប្រមាណ ៤៨២៩ លានដុល្លារអាមេរិក ត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ដើម្បីឲ្យបានស្របតាមស្ថានភាពជាក់ស្តែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា ។
នៅក្នុងដំណើរការនៃការនៃការរៀបចំ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ក្រសួងផែនការ បានអនុវត្តទៅតាមជំហាននីមួយៗដូចធ្លាប់បានអនុវត្តកន្លងមកហើយ ជាពិសេសឆ្នាំនេះក្រសួងផែនការបានបង្កលក្ខណៈកាន់តែងាយស្រួលជូនដល់ក្រសួង ស្ថាប័នក្នុងការបំពេញឬស្មើសុំគម្រោងតាមប្រព័ន្ធអនឡាញ ហើយសេចក្តីព្រាងនានេះត្រូវបានពិនិត្យពិភាក្សា និងកែសម្រួលតាមរយៈកិច្ចប្រជុំដូចតទៅ៖ (១) សេចក្តីព្រាងលើកដំបូងបំផុតបានសហការពិនិត្យពិភាក្សាកែសម្រួលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ (២) កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងកាលពី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ និង(៣) កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងនេះ នៅទីស្តីការគណៈរដ្ឋមន្រី្ត កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ។ ទន្ទឹមនិងនេះ ក្នុងការបន្តអនុវត្តជាជំហានៗនូវការធ្វើសុខដុមនីយកម្មការងារផែនការ ចំណាយវិនិយោគសាធារណៈរបស់រដ្ឋ និងហិរញ្ញប្បទានសហប្រតិ្តបត្តិការ ក៏ដូចជាដើម្បីបន្តពង្រឹងយន្តការស្ថាប័នសម្រាប់ការងារនេះ ក្រសួងផែនការ បានទទួលការគាំទ្រនិងកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជាក្នុងការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ នេះ ។
វិធីសាស្រ្តកែសម្រួលត្រូវបានយកមកអនុវត្តក្នុងការរៀបចំ កម្មវិធីនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ដែលក្នុងនោះ “ គម្រងកំពុងដំណើរការ ” គឺជាគម្រោងដែលកំពុងត្រូវបានអនុវត្តឬមានកិច្ចសហការ និងសម្របសម្រួលជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលហើយការអនុវត្តគម្រោងទាំងនោះ នឹងត្រូវបានបន្តនៅក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ និង “ គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ឬគម្រោងថ្មី ” ដែលនឹងត្រូវអនុវត្តក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២ ។ ព័ត៌មានសម្រាប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ត្រូវបានធ្វើការចែកចេញជាពីរផ្នែក ។ ផ្នែកទី១ គឺជាការប្រមូលព័ត៌មានស្តីពី “ គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ” និងផ្នែកទី ២ គឺជាការប្រមូលព័ត៌មានស្តីពី “ គម្រោងកំពុងដំណើរការ ” ។
ទម្រង់នៃខ្លឹមសាររបស់កម្មវិធីវិនិយោគសាធារណៈ
ប្រភពទិន្នន័យសំខាន់សម្រាប់ការរៀបចំ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ គឺជាធាតុចូលដែលក្រសួងផែនការទទួលបានពីគ្រប់ក្រសួង ស្ថាប័ន ។ ក្រសួងផែនការបានទទួលស្គាល់ថាក្រសួង ស្ថាប័នផ្តល់តែព័ត៌មានសម្រាប់គម្រោងកំពុង​ដំណើរការដែលកំពុងដំណើរការដែលកំពុងត្រូវបានអនុវត្ត​ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័នរបស់ខ្លួននីមួយៗប៉ុណ្ណោះ ។ តាមរយៈការអនុវត្តជាក់សែ្តងយើងបានពិនិត្យឃើញថា ទិន្នន័យស្តីពីគម្រោងកំពុងដំណើរការដែលក្រសួង សា្ថប័នផ្ញើមកក្រសួងផែនការគឺមានបញ្ចូលគម្រោងកំពុង​ដំណើរការមួយចំនួនដែលដៃគូអភិវឌ្ឍបានរាយការណ៍ជូន គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា ។
ចំពោះគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. (គម្រោងថ្មី) ដែលនឹងត្រូវអនុវត្តក្នុងអំឡុងពេល ២០២០-២០២២ ក្រសួងផែនការបានផ្តល់សេចក្តីណែនាំដល់គ្រប់ក្រសួង ស្ថាប័នដោយផ្ទាល់ដើម្បីធានាថាការស្នើសុំគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ក្រសួងស្ថាប័ននាំងអស់បាន៖
1. គិតច្បាស់លាស់ពីសារៈសំខាន់នៃគម្រោងទាំងនោះក្នុងការគាំទ្រដល់គោលដៅ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់រាជរដ្ឋាភិបាលដើម្បី​ឈានទៅសម្រេចបានគោលនយោបាយជាអាទិភាពនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ព្រមទាំងផែនការរបស់ក្រសួង ស្ថាប័នដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ។
2. ពិនិត្យច្បាស់លាស់ពី វិភាជន៍តាមវិស័យអាទិភាពដែលមានចែង នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ។
3. ពិនិត្យពីលទ្ធផលនៃកិច្ចពិភាក្សាគ្នារវាងគ្នារវាងមន្ត្រីរបស់ក្រសួង ស្ថាប័ននីមួយៗជាមួយអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំ “ផែនការយុទ្ធសាស្រ្តថវិកា” រយៈពេលវែងសម្រាប់ក្រសួង ស្ថាប័នរបស់ខ្លួន ។
4. ពិនិត្យច្បាស់លាស់នូវប្រភពធនធានជាសក្តានុពលក្នុងការផ្តល់ហិរញ្ញប្បទានដល់ គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ។
5. កំណត់ “លំដាប់អាទិភាព” ចំពោះគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. នីមួយៗ ដែលក្រសួង ស្ថាប័នបានផ្ញើមកក្រសួងផែនការ ។
6. កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ចែកជា៤ ជំពូក៖ ជំពូកទី១ សេចក្តីផ្តើម ជំពូកទី២ ទស្សនវិស័យសេដ្ឋកិច្ច ឆ្នាំ២០២០-២០២២ ជំពូកទី៣ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ និង ជំពូកទី៤ សេចក្តីសន្និដ្ឋាន។
I. ការវិភាជថវិកា
ក្រសួងផែនការបានធ្វើការវិភាជថវិកាសម្រាប់ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ដោយមានមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
– ការវិភាជសរុបសម្រាប់វិស័យដល់ គម្រោងកំពុងដំណើរការ និងគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ត្រូវមានសង្គតិភាពជាមួយការវិភាជតាមវិស័យដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ។
– អាទិភាពទីមួយគឺការវិភាជថវិកាដែលមានដល់បណ្តាគម្រោងកំពុងដំណើរការដើម្បីបន្តការអនុវត្ត និងបញ្ចប់ការអនុវត្ត ។
– តុល្យភាពថវិកា ដែលនៅសល់ នឹងត្រូវធ្វើការវិភាជដល់គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ដោយផ្អែកលើ៖
– អាទិភាពនៃគម្រោងដែលកំណត់ដោយក្រសួងស្ថាប័ន
– គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ទាំងឡាយណាដែលជាគម្រោងសម្រាប់អនុវត្តយុទ្ធសាស្រ្តតាមវិស័យរបស់់ក្រសួង ស្ថាប័ន ដើម្បីធ្វើឲ្យសម្រេចបានទិសដៅគោលនយោបាយអាទិភាពនៃ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងអាទិភាពដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣
– ព័ត៌មានដែលក្រសួង ស្ថាប័នបានផ្ញើមកក្រសួងផែនការស្តីពីស្ថានភាពសក្តានុពលក្នុង​ការសន្យាផ្តល់ហិរញ្ញប្បទានដល់ គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ.
– កិច្ចពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងកែសម្រួលឡើងវិញនូវការសន្យាផ្តល់ថវិកាពីកពា្ចប់ថវិកាជាតិ និងលទ្ធផលនៃកិច្ចពិភាក្សារវាងក្រសួងស្ថាប័នជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកាសម្រាប់ក្រសួងស្ថាប័ននីមួយៗ ។
ក្នុងចំនួនគម្រោងសរុប ៦០គម្រោងនៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ នេះមានចំនួន ១៧១ គម្រោងជាគម្រោងកំពុងដំណើរការ ដែលដត្រូវការទុនចំនួន ៧ ៥៣៧ លានដុល្លារអាមេរិក និងចំនួន ៤៣៨ គម្រោង ជាគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ដែលត្រូវការទុនចំនួន ៦ ៩៥០ លានដុល្លារអាមេរិក ។ ជាសរុបបរិមាណទុនតាមឆ្នាំរបស់កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ រួមមាន៖ ឆ្នាំ២០២០ ចំនួន ៤ ៥៥៦ លានដុល្លារអាមេរិក ឆ្នាំ២០២១ ចំនួន ៥ ១០៤ ដុល្លារអាមេរិក និងឆ្នាំ២០២២ ចំនួន ៤ ៨២៧ លានដុល្លារអាមេរិក ។ បរិមាណទុនសរុប ១៤ ៤៨៧ លានដុល្លារអាមេរិកនៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ រួមបញ្ចូលនូវបរិមាទុនដែលបានសន្យាផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍរួចហើយ មានចំនួន ៨ ៥៩៧ លានដុល្លារអាមេរិក (ក្នុងនោះពីរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៥២៩,៨ លានដុល្លារអាមេរិក និងពីដៃគូអភិវឌ្ឍ ចំនួន ៨ ០៦៧,៥ លានដុល្លារអាមេរិក) ដោយត្រូវការទុនបន្ថែមចំនួន ៥ ៨៨៩.៧ លានដុលា្លរអាមេរិក ។ ការវិភាជទុនដល់គម្រោងនានារបស់ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ទៅតាមវិស័យដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ រួមមាន៖
– ៦,៥% នៃតម្រូវការចំណាយវិនិយោគសាធារណៈ សរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច
– ៣២,៧% នៃតម្រូវការចំណាយវិនិយោគសាធារណៈ សរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច
– ៥៣,៨% នៃតម្រូវការចំណាយវិនិយោគសាធារណៈ សរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ
– ៧,០% នៃតម្រូវការចំណាយវិនិយោគសាធារណៈ សរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវា និងកម្មវិធីអន្តរវិស័យ ។
សេចក្តីសន្និដ្ឋាន
ដោយឈរលើក្របខ័ណ្ឌទស្សនៈរួមមួយ ដែលកំណត់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបាននៃការវិនិយោគ​ក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងអាចធ្វើសេចក្តីសន្និដ្ឋានជារួមបានថា ការធានាឲ្យមាននូវកម្មវិធីវិនិយោគសាធារណៈមួយ ដែលនឹងត្រូវរួមចំណែកក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមួល ក៏ដូចជាធ្វើជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់ប្រែក្លាយគោលនយោបាយអាទិភាពជាតិ​​ឲ្យទៅជាការពិតជាក់សែ្តងគឺជាប្រការចាំបាច់ នៅក្នុងដំណើរការនៃ ការរៀបចំគោលនយោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ។
ក្នុងបរិការណ៍នេះ ដើម្បីសម្រេចបាននូវចំណុចដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ច ជារួមនិងតាមវិស័យនៅក្នុងដំណាក់កាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ការធ្វើឲ្យកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ក្លាយជាឧបករណ៍ផ្នែកគោលនយោបាយ​សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគ
សាធារណៈដែលអាចឆ្លើយតបទៅនឹង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងការតម្រឹមតម្រង់ធនធានាអភិវឌ្ឍន៍ដ៏មានកម្រិតរបស់យើង មកជាមួយនឹងអាទិភាពរបស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ទាមទារឲ្យមានការបន្តយកចិត្ថទុកដាក់ខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធានានូវគុណភាពនៃគុណភាព​នៃព័ត៌មានស្តីពីគម្រោងវិនិយោគសាធារណៈ ដែលក្រសួង ស្ថាប័នត្រូវផ្តល់មកក្រសួងផែនការសម្រាប់ការរៀបចំ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ។ ក្នុងន័យនេះ ការចូលរួមរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញធ្វើឲ្យ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ក៏ដូចជាកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ក្រោយៗទៀតក្លាយជាឧបករណ៍ផ្នែកគោលនយោបាយមួយ ដើម្បីធ្វើឲ្យសម្រេចបាននូវចំណុចដៅនៃកំណើន ផ.ស.ស. ដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ គឺជាកត្តាគន្លឹះសម្រាប់ការធានាឲ្យមានមាននូវប្រសិទ្ធភាពនៃធនធានអភិវឌ្ឍន៍ដ៏មានកម្រិត ដែលយើងអាចមានក៏ដូចជាសម្រាប់ការទាញយកប្រយោជន៍ឲ្យបានច្រើនបំផុតពីធនធានទាំងនេះ ។

អត្ថបទដែលជាប់ទាក់ទង