នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបណ្ឌិត មហាធា មហាម៉ាត់ និងភរិយា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងចូលជួបសំដែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
សម្តេចតេជោ និងលោក មហាធា ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌលព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ៕ដោយ៖បញ្ញាស័ក្តិ