ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផឹកស្រាថ្នាំក្លែមសាច់ឆ្កែ កើតជម្លោះ ដេញតាមចាក់ស្លាប់ម្នាក់ សមត្ថកិច្ចចាប់ឃាតករ៣នាក់

45

ភ្នំពេញ ៖ ក្រោយពីកើតទំនាស់ទាស់សម្តីក្នុងវង់ផឹកសុី អ្នករួមការងារជាមួយគ្នា ហើយបុរសម្នាក់ ជិះម៉ូតូចេញមកតាមផ្លូវ ត្រូវបានជនដៃដល់ ប្រដាប់ដោយកាំបិត តាមចាក់រហូតដល់ស្លាប់ក្នុងថ្លុកឈាម នៅតាមផ្លូវ ។
សមត្ថកិច្ចចុះទៅអន្តរាគមន៍ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនមនុស្ស៤នាក់ទៅសាកសួរ កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវលំក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ហើយស្រាវជ្រាវរកឃើញជនដៃដល់៣នាក់ ជាអ្នកចាក់សម្លាប់ជនរងគ្រោះ ។

ជនរងគ្រោះ ឈ្មោះ យឿន ជឿន អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិក្រាំងព្រៃផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង ។

បុរសឈ្មោះរិច ចាន់ណា អាយុ៣៨ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ជាមួយជនរងគ្រោះមានស្រុកកំណើត ភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលសមត្ថកិច្ចហៅនាំទៅសាកសួរ ក្នុងចំណោមគ្នា៤នាក់នោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ក៏នៅក្នុងវង់ផឹកសុីដែរ សរុបគ្នា៦នាក់ រួមទាំងជនរងគ្រោះផង ទៅផឹកស្រាថ្នាំ ក្លែមសាច់ឆ្កែ នៅតូបអ្នកលក់ ក្នុងភូមិព្រៃល្វា តាំងពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី៣១ ខែសីហា លុះដល់វេលាម៉ោង៥ល្ងាច ជជែកលេងក្នុងវង់ផឹក ក៏មានគងពាក្យសម្តីគ្នា ជនរងគ្រោះ យឿន ជឿន បញ្ចេញកម្លាំងបាយ វាយ កម្មករម្នាក់ក្នុងវង់ ហើយក៏ស្ងប់ស្ងាត់ទៅវិញ នៅតែផឹកបន្ត លុះដល់វេលាម៉ោង៧និង៥០នាទីយប់ ចែកផ្លូវគ្នា ចាកចេញរៀងៗខ្លួន។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង មកតាមផ្លូវភូមិចោមចៅ២ ត្រូវបានជនដៃដល់ ជាអ្នកផឹកក្នុងវង់ជាមួយគ្នាជិះម៉ូតូដេញតាមពីក្រោយ មកដល់ចំណុចខាងលើ ក៏ទាញកាំបិត ចាក់លើជនរងគ្រោះ បណ្តាលឲ្យស្លាប់តែម្តង ។

ក្រោយពីហៅមនុស្សក្នុងវង់ផឹកសុី៤នាក់ មកសួរនាំ នៅប៉ុស្តិ៍ចោមចៅ២ ឈានដល់រកឃើញមុខជនដៃដល់ និងបក្ខពួក ៣នាក់ ចំណែកម្នាក់ទៀតមិនពាក់ព័ន្ធទេ គឺ ទី១ ឈ្មោះ ខឹម សុផល ហៅ ងុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាជនដៃដល់ចាក់ផ្ទាល់ដៃ ។ ទី២ ឈ្មោះ លត សារិទ្ធ ហៅតុញ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ សំណង់ ស្នាក់នៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣ ឈ្មោះ ចាប លាង ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចោមចៅ១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕

អត្ថបទដែលជាប់ទាក់ទង