អ្នករើសអេតចាយម្នាក់ ខឹងក្មេងស្ទាវមួយក្រុមគប់ត្រូវក្បាល ស្ទុះទៅចាក់១កាំបិត ស្លាប់ម្នាក់
ភ្នំពេញ ៖ មានករណីហិង្សារហូតឈានដល់ចាក់បណ្តាលឲ្យស្លាប់ម្នាក់ ក្រោយកើតហេតុសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនដៃដល់បានម្នាក់ នៅវេលាម៉ោង១៩និង០០នាទី ថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៩ នៅលើដងផ្លូវបេតុង ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ យឿន ជឿន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិក្រាំងព្រៃផ្តៅ ឃុំក្រាំតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។ ស្លាកស្នាមនៅលើខ្លួនសព មានស្នាមរបួសដាច់រយះនៅលើប្រអប់ទ្រូងខាងឆ្វេង១កន្លែង ។
ជនសង្ស័យឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៣៨ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួលលេខ៦ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានឃើញគ្នា ជនរងគ្រោះមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង មកឈប់នៅចំណុចកើតហេតុខាងលើ ខ្លួនក៏បានស្រែកជេរ ធ្វើឲ្យខាងក្រុមជនរងគ្រោះនាំគ្នាទៅកាច់មែកដើមប្រេងខ្យល់ គប់មកលើខ្លួនត្រូវចំក្បាល ពេលនោះខ្លួន ក៏បានស្ទុះទៅចាក់ជនរងគ្រោះ១កាំបិតចំដើមទ្រូង បន្ទាប់ពីធ្វើសកម្មភាពរួចហើយក៏រត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់បាន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានវបានកម្លាំងជំនាញកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី ៕