តុលាការប្រកាសសាលក្រមសំណុំរឿងឃាតកម្មលើ នាង ចេវ សុវឌ្ឍនា ផ្តន្ទាទោសអតីតចៅហ្វាយខេត្តតាកែវ ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ និង ឡាយ ណារិទ្ធ ជាប់១០ឆ្នាំ
ភ្នំពេញ ៖ តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទទាំង៤នាក់នេះ ទី១-ឈ្មោះ ឡាយ វណ្ណ: (ដាក់ពន្ធនាគារ១៣ឆ្នាំ) ២-ឈ្មោះឡាយ ណារិទ្ធ (ដាក់ពន្ធនាគារ១០ឆ្នាំ), ៣-ឈ្មោះម៉េន សាម៉ៃ (ដាក់ពន្ធនាគារ២ឆ្នាំ)និង៤-ឈ្មោះ ជឹម វុធ ហៅថូត (ដាក់ពន្ធនាគារ២ឆ្នាំ) ដែលការប្រកាសនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២ កញ្ញា នេះ ពាក់ព័ន្ធការសំណុំរឿងឃាតកម្ម លើអ្នកស្រីមេម៉ាយកូន៣រូបស្រស់ នាង ចេវ សុវឌ្ឍនា ។
ការប្រកាសសាលក្រមរបស់ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានប្រកាសសាលក្រមដោយសម្រេច ធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំពោះមុខជនត្រូវចោទទាំង៤នាក់ ទី១៖ ឈ្មោះ ឡាយ វណ្ណ: ដាក់ពន្ធនាគារ១៣ឆ្នាំ ចំណែក ឡាយ ណារិទ្ធ ដាក់ពន្ធនាគារ១០ឆ្នាំ ពីបទឃាតកម្ម តាមបញ្ញត្តិមាត្រា១៩៩ នៃក្រម ឈ្មោះ ម៉េន សាម៉ៃ និង ជឹម វុធ ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ ពីបទលាក់កំបាំងតម្រុយ តាមបញ្ញត្តិមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
សូមជំរាបថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យនៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ ភ្លាមៗករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញ របស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿងអត្តឃាតឡើយ គឺជារឿងឃាតកម្មដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។ ក្រោយពីបើកការស៊ើបអង្កេតសមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕