ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តព្រះសីហនុ ដាក់វិធានការ បើកផ្លូវមុខទឹកជាបន្ទាន់ ដើម្បីបញ្ជៀសការជន់លិចនៅក្នុងក្រុង

60
ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោកគួច ចំរើន ជាអភិបាលខេត្តបានដាក់ចេញជាវិធានការ បើកផ្លូវមុខទឹកជាបន្ទាន់នៅតាមប្រឡាយលូ និងក្រោមស្ពានសំខាន់ៗ ដើម្បីបញ្ជៀសការជន់លិចនៅក្នុងទីក្រុង។

   អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានដឹកនាំក្រុមការងារ ចុះទៅកាយសំរាមនៅក្រោមស្ពាននិងប្រឡាយលូសំខាន់ៗមួយចំនួននៅក្នុងក្រុងព្រះសីហនុ ដើម្បីកាយសំរាម និងអាចម៍ដីចេញពីក្រោមស្ពាន សម្រាប់រំដោះបើកមុខទឹកហូរឲ្យបានលឿន។

ការដាក់ចេញនូវវិធានការដោះស្រាយផ្លូវមុខទឹកជាបន្ទាន់នេះ បានធ្វើឡើងខណៈ ប្រឡាយលូទំាងនោះបានគោករីងរាកដោយកំណកដីល្បាប់ រួមជាមួយនឹងសំរាមស្កេះស្កះជាហេតុធ្វើឲ្យ ស្ទះមុខទឹក ដែលបណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចលុងទីក្រុង ក្រោយពេលមានភ្លៀងធ្លាក់ម្ដងៗ។

លោកអភិបាលបានអៈអាងថា ក្រោយពីដឹកនាំក្រុមការងារចុះស្តារប្រឡាយ និងកាយសំរាមនៅក្នុងលូនិងក្រោមស្ពានហើយនោះ ទឹកស្អុយបានហូរលឿន ហើយស្រកនៅតំបន់ដែលប្រឈម និងអាចកាត់បន្ថយជំនន់ទឹកភ្លៀងនាពេលខាងមុខ។ សកម្មភាពរបស់បងប្អូនប្រជាការពារនៅក្រុងព្រះសីហនុ ដោយមានការគាំទ្រពីលោកលឹមគានហោរដ្ឋមន្រ្ដីក្រសួងធនធានទឹកបានផ្ដល់នូវអាអ៊ិចដៃវែងមួយគ្រឿងដែលកំពុងកាប់កាយស្ដានេះជាស្ថានភាពក្រោមស្ពានអូសំអាត ក្រុងព្រះសីហនុ ក្រោយពេលស្ដានៅសងខាងរួមសុទ្ធសឹងតែសំរាម និងអាចម៍ដីដែលក្រុមប្រជាការពារកំពុងតែចូលកាយក្រោមស្ពាន។

សូមបញ្ជាក់ថា នាពេលកន្លងមកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ទឹកហាក់នៅជន់លិច ដោយសារការកកស្ទះដោយសារសំរាមនៅក្រោមស្ពានមួយចំនួន។

កន្លងមករដ្ឋបាលខេត្ដ បានប្រឹងប្រែងស្តារអូ ប្រឡាយជាបន្ដបន្ទាប់ ប៉ុន្ដែនៅក្រោមស្ពានកកស្ទះទៅដោយសំរាម គឺមានទីតាំងខ្លះមានទាំងពូក កន្ទេល គល់ឈើ និងកំណកភក់ស្ទះពេញខាងក្រោមស្ពាន ដែលធ្វើអោយប្រពន្ធ័ទឹកហូរក្រោមស្ពានយឺត ដែលនាំឲ្យមានលិចលង់បង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង