សម្ដេចតេជោហ៊ុន សែន ទទួលធ្វើបដិសណ្ឋារកិច្ចផ្លូវការ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលធ្វើបដិសណ្ឋារកិច្ចផ្លូវការជូនដល់ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកស្រី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារទី៣ ខែកញ្ញា ឆ្នាំ២០១៩។
សូមបញ្ជាក់ផងដែរថា លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង លោកស្រី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៩:៤០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ។
នៅក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad នឹងអញ្ជើញជួបសំដែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។
លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សម្តេចតេជោ និង លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត មហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុ ងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អ រវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី ក្នុងកម្រិតតំបន់ និងអន្តរជាតិ ៕