សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ាន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។
ការចេញមកបញ្ជាក់ជាលើកដំបូងពីការបញ្ជូនសាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ទៅកាន់ប្រទេសជាសមាជិកអាស៊ាន ៩ប្រទេសផ្សេងទៀត របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត នៅវិមានសន្ដិភាព នាវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ គេនឹងចាត់ទុកថា ក្រុមនោះ នឹងអាចប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តម នាយករដ្ឋមន្ដ្រីបញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ាន អំពីគោលការណ៍របស់ឡាវ ដែលមិនផ្ដល់ មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង។
ខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ បានទទួលរួចមកហើយ នូវសាលដីកាតុលាការដើម្បីចាប់ខ្លួនជនណាដែល មានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។ អ៊ីចឹងសូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន , នាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ីលីត ក៏បានប្រកាសជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលខ្លួនថា ប្រទេសឡាវដែលជាភូមិផងរបងដ៏ល្អ របស់កម្ពុជានោះ មិនអនុញ្ញាតដាច់ខាតឲ្យទណ្ឌិត សម រង្ស៊ី ឆ្លងកាត់ប្រទេសឡាវ ចូលមកបំផ្លិចបំផ្លាញប្រទេសកម្ពុជានោះឡើយ ហើយរដ្ឋាភិបាលក្រុងវៀងចន្ទន៍ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ជាទីបំផុត។
លោក ថងលូន ស៊ីស៊ូលីត បានប្រកាសថា ខ្ញុំទើបបានព័ត៌មានពីសម្ដេចតេជោ ហ៊ុន សែន មុននេះ។ ខ្ញុំសូមបញ្ជាក់ថា បុគ្គលណាដែលមានទោសមកឆ្លងប្រទេសឡាវ សញ្ជាតិណាក៏ដោយ ដើម្បីយកឡាវជាកន្លែងឆ្លងកាត់ដើម្បីទៅបំផ្លាញប្រទេសផ្សេងនោះ យើងនឹងដំណើរការ យ៉ាងហ្មត់ចត់ យើងនឹងធ្វើការយ៉ាងហ្មត់ចត់ មិនឲ្យកើតបញ្ហានេះឡើង។
ឆ្លើយតបការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដៅទៅដល់អ្នកវិភាគមួយរូបថា ប្រទេសឡាវ នឹងផ្ដល់ទីតាំងឲ្យបុគ្គល សម រង្ស៊ី ឆ្លងកាត់នោះ, លោក ថង់លូន ស៊ីស៊ូលីត ក៏បានបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ ជាព័ត៌មានមិនពិត ដែលមានបំណងបង្កើតការបែកបាក់រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ។
នាយករដ្ឋមន្ដ្រី ថង់លូន បានបញ្ជាក់ថា៖ ដោយឡែកចំពោះប្រទេសកម្ពុជា ដែលជាមិត្តភក្តិ ករណីនេះមិនពិតដូចគេនិយាយនោះទេ ជាព័ត៌មានមិនល្អ បង្កើតភាពបំបែកឲ្យប្រទេសឡាវ និងកម្ពុជា៕