ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រដ្ឋ ដូចមានចែងក្នុងធម្មនុញ្ញ អ.ស.ប មានសារសំខាន់ចាំបាច់ ក្នុងការធានាឱ្យពហុភាគីនិយមរស់រានបន្ត និងអាចស្វែងរកនូវមាគ៌ា​សន្តិ​ភាព

67

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងថា ការគោរពគោលការណ៍សមភាព និងអធិបតេយ្យភាព ការគោរពសិទ្ធិក្នុងការចាត់ចែងជោគវាសនាដោយខ្លួនឯង និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដូចមានចែងក្នុងធម្មនុញ្ញ អ.ស.ប មានសារសំខាន់ចាំបាច់ក្នុងការធានាឱ្យពហុភាគីនិយមរស់រានបន្ត និងអាចស្វែងរកនូវមាគ៌ាសន្តិភាព និងស្ថិរភាព សាមគ្គីភាព និងវឌ្ឍនភាព។

ថ្លែងក្នុងកិច្ចពិភាក្សាទូទៅក្នុងសម័យប្រជុំលើកទី៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្រប់រូបភាព នៅបន្តកើតមានឡើង ហើយព័ត៌មានក្លែងក្លាយ បានក្លាយទៅជាអំណះអំណាង នៃការជ្រៀតជ្រែកផង និងជាឧបករណ៍ នៃនយោបាយអន្តរជាតិផង។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅ ក្នុងសម័យប្រជុំលើកទី៧៤ នៃមហាសន្និបាត អ.ស.ប ក្រោមមូលបទ៖ ជំរុញកិច្ចប្រឹងប្រែងពហុភាគី សម្រាប់ការលុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៩ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានបញ្ជាក់ថា៖ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីតថភាពនៃពិភពលោក ពហុប៉ូល និងភាពផុយស្រួយនៃពហុភាគីនិយម ដោយសារកិច្ចគាំពារនិយម និងឯកតោភាគីនិយម និងការបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដោយបំពានលើធម្មនុញ្ញរបស់ អ.ស.ប។ ការជ្រៀតជ្រែកគ្រប់រូបភាពនៅបន្តកើតមានឡើង ហើយព័ត៌មានក្លែងក្លាយ បានក្លាយទៅជាអំណះអំណាង នៃការជ្រៀតជ្រែកផង និងជាឧបករណ៍ នៃនយោបាយអន្តរជាតិផង។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គមហាសន្និបាតថា ការចូលរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តគាំទ្រលើពហុភាគីនិយម ពាណិជ្ជកម្មសេរី និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើវិធានច្បាប់ និងមាន អ.ស.ប ជាស្នូល៕

អត្ថបទដែលជាប់ទាក់ទង