ស្ត្រីម៉េម៉ាយម្នាក់ត្រូវជនមិនស្គាល់មុខ ប្លន់សម្លាប់ យកមាសអស់ជាង៣ជី
ខេត្តកំពត៖ស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខប្លន់សម្លាប់កាលពីយប់ថ្ងៃទី១តុលាឆ្នាំ២០១៩តែពុំមាននរណាម្នាក់ដឹងទេលុះព្រឹកថ្ងៃទី២តុលាអ្នកភូមិបានមកអើតមើលនៅនឹងផ្ទះរបស់ស្ត្រីរងគ្រោះទើបមានការភ្ញាក់ផ្អើលថាស្ត្រីរងគ្រោះត្រូវគេវាយសម្លាប់ស្លាប់នៅនឹងផ្ទះរបស់ខ្លួនដែលហេតុការណ៍នេះកើតឡើងនៅភូមិត្រពាំងក្ដារឃុំស្រែជាខាងត្បូងស្រុកដងទង់ខេត្តកំពត។
ជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខវាយសម្លាប់នឹងពូថៅនេះឈ្មោះសៅខេនអាយុ50ឆ្នាំរស់នៅភូមិត្រពាំងក្ដារឃុំស្រែជាខាងត្បូងស្រុកដងទង់។
បើតាមលោកវរសេនីយ៍ឯកហ៊ីងឈុំអធិការនគរបាលស្រុកដងទង់បាននិយាយប្រាប់ឱ្យដឹងថាស្ត្រីរងគ្រោះត្រូវបានគេវាយសម្លាប់នឹងពូថៅនេះជាស្ត្រីមេម៉ាយដេកតែម្នាក់ឯងទេ។ហើយនៅក្នុងផ្ទះរបស់ស្ត្រីរងគ្រោះបានបាត់ខ្សែកមាសចំនួន3ជី5ហ៊ុននិងលុយចំនួន50ម៉ឺនរៀល។
លោកអធិការបាននិយាយថាពាក់ព័ន្ធករណីខាងលើសង្ស័យជារឿងប្លន់សម្លាប់ប៉ុន្តែខាងនគរបាលកំពុងតែស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យដែលសម្លាប់ស្ត្រីរងគ្រោះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕