សម្តេច ហ៊ុន សែន ៖ កម្ពុជា-វៀតណាម នឹងរួមគ្នាអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់បំផុត នូវរាល់ទិសដៅដែលបានដាក់ចេញ និងការព្រមព្រៀងគ្នាទាំងអស់
វៀតណាម៖ នៅល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយ លោក ង្វៀន សួនហ្វ៊ុក នាយករដ្នមន្ត្រី នៃសាធារណរដ្នសង្គមនិយមវៀតណាម ដែលពិធីនេះត្រូវបានធ្វើឡើង នៅវិមានរដ្ឋាភិបាលវៀតណាម។
នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញឡើងថ្លែងសុន្ទរកថា ចំណាប់អារម្មណ៍ ដែលមានខ្លឹមសារសំខាន់ៗថា៖
សម្តេចសូមថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងពិធីលៀងសាយភោជន៍ប្រកបដោយបរិយាកាសអធិកអធម ដែលលោកនាយករដ្នមន្ត្រី ង្វៀន សួនហ្វ៊ុក បានរៀបចំជូនសម្ដេច និងគណៈប្រតិភូកម្ពុជានាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទចំពោះការរីកចម្រើន និងសមិទ្ធផលដ៏ធំធេង ដែលប្រទេសវៀតណាម សម្រេចបាន ក្នុងនោះកំណើនសេដ្ឋកិច្ចខ្ពស់។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍យ៉ាងរហ័ស ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង វិស័យសង្គមកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងពិសេសគឺការបែងចែកធនធានសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ របស់បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលវៀតណាម។
សម្តេចក៏សូមសម្តែងនូវការអបអរសាទផងដែរ ចំពោះវៀណាម ដែលបានជាប់ឆ្នោតជាសមាជិក មិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ជាមួយសំឡេងគាំទ្រដ៏លើសលុប គឺ ១៩២ លើ ១៩៣។ នេះបញ្ជាក់ឲ្យឃើញ ពីការគាំទ្ររបស់ពិភពលោក ចំពោះតួនាទី និងការរួមចំណែកដ៏សំខាន់របស់វៀតណាម ក្នុងកិច្ចខិតខំដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ ជាមួយនេះកម្ពុជាត្រៀមខ្លួន ផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹង ចំពោះវៀណាម ក្នុងតួនាទីជាម្ចាស់ផ្ទះ និងជាប្រធាន ASEAN នាឆ្នាំ២០២០ ខាងមុខនេះ។
សម្តេចបន្តថា កម្ពុជា-វៀតណាម នឹងរួមគ្នាអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់បំផុត នូវរាល់ទិសដៅដែលបានដាក់ចេញ និងការព្រមព្រៀងគ្នាទាំងអស់ ហើយនឹងប្រឹងប្រែបន្តដោះស្រាយបញ្ចប់ ឲ្យបានឆាប់នូវបញ្ហា ដែលមាន ដូចជាការងារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់១៦%ដើម្បី កសាងព្រំដែនប្រទេសទាំងពីរ ឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងវិបុលភាពជានិរន្តរ៍។ យើងនឹងបន្តពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យលើសពីផែនការ ៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ហើយខិតខំបង្កើនទំនាក់ទំនង សេដ្ឋកិច្ចជាមួយគ្នា ដោយរៀបចំឲ្យបានឆាប់ នូវផែនការមេតភ្ជាប់សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។
សម្តេចក៏បានអរគុណចំពោះ ការឧបត្ថម្ភគាំទ្ររបស់ កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងការរួមចំណែករបស់វៀតណាម ដល់សន្តិភាព និងការស្តារនិងអភិវឌ្ឍកម្ពុជា គឺជាសច្ចធម៌ ប្រវត្តិសាស្ត្រ ដែលត្រូវបានកត់ត្រាទុក មិនអាចបដិសេធ ឬក៏បំភ្លេចបានឡើយ៕