អភិបាលខេត្តកំពង់ស្ពឺចុះពិនិត្យទីតាំងទាំង៦ភូមិ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកភ្នំស្រួច និងណែនាំដល់អាជ្ញាធរស្រុកទាំង៨ បង្កើនការប្រុងប្រយ័ត្ន
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃអង្គារ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ដដែលនេះដែរ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងទាំង៦ភូមិ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកភ្នំស្រួច ជាងនេះទៅទៀតរដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងដល់ អភិបាលក្រុង ស្រុកទាំង៨ ប្រធានអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះក្នុងពេលមានគ្រោះជំនន់ទឹកភ្លៀង។
លោកបានមានប្រសាសន៍ថា បើទោះបីជាមានការជន់លិចដោយទឹកភ្លៀងក៏ដោយ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ក៏ដូចជាតំបន់ងាយរងគ្រោះដទៃទៀតក្នុងខេត្តកំពង់ស្ពឺ ពុំទាន់មានការប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ តែទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នមិនត្រូវធ្វេសប្រហែសឡើយចំពោះស្ថានភាពទឹកភ្លៀងដែលកំពុងបន្តធ្លាក់ ។
លោក វ៉ី សំណាង បានប្រាប់ប្រជាពលរដ្ឋថា អាជ្ញាធរខេត្ត អាជ្ញាធរស្រុក ឃុំ បាននិងកំពុងយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់បងប្អូន ហើយក៏បានត្រៀមវិធានការដោះស្រាយ ទប់ស្កាត់ ចំពោះគ្រោះធម្មជាតិមួយនេះហើយ ដើម្បីដោះស្រាយអោយបានទាន់ពេលវេលា ។
ជាមួយគ្នានេះដែរលោក ក៏បានផ្តាំផ្ញើ ដល់បងប្អូនត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះពពួកសត្វមានពឹសជាដើម។
រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងដល់ អភិបាលក្រុង ស្រុកទាំង៨ ប្រធានអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះក្នុងពេលមានគ្រោះជំនន់ទឹកភ្លៀង។
លិខិតរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់ចេញនូវវិធានការសំខាន់ ចំនួន៤ចំណុចដូចខាងក្រោម៖ រដ្ឋបាលក្រុង ស្រុក ត្រូវត្រៀម និងយកចិត្តទុកដាក់លើមុខសញ្ញា ដែលងាយរងគ្រោះដូចជា៖ កុមារតូចៗ ចាស់ជរា ជនពិការជាដើម ក្នុងការត្រៀមបម្រុងរកទីទួលសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជំនាញពាក់ព័ន្ធ ត្រូវតាមដានយកចិត្ដដាក់បង្ការជំងឺសត្វពាហនៈគ្រប់ប្រភេទ និងជាពិសេសអន្ដរាគមន៍ ក្នុងការសង្គ្រោះសន្ទូង សំណាប របស់ប្រជាពលរដ្ឋដែលមានការខូចខាត ព្រមទាំងជួយឧបត្ថម្ភគ្រាប់ពូជដល់ប្រជាកសិករ ដែលជួបប្រទះក្នុងការលំបាកនេះ។
មន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមថ្នាំសង្កូវសម្រាប់បង្ការ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ កងកម្លាំងទាំង៣ ត្រូវត្រៀមសង្គ្រោះឲ្យបានទាន់ពេលវេលាទៅតាមមធ្យោបាយផ្សេងៗ នៅពេលដែលមានគ្រោះអាសន្នកើតឡើង៕