លោកតាវ័យចំណាស់ម្នាក់ ដាក់ជណ្តើរឡើងកាប់មែកស្វាយ រអិលធ្លាក់ជង់និងមែកប្ញស្សីរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ ៖ លោកតាវ័យចំណាស់ម្នាក់ ដាក់ជណ្តើរឡើងកាប់មែកស្វាយរអិលធ្លាក់ជង់និងមែកប្ញស្សីរបួសធ្ងន់ ហើយត្រូវបានកូនចៅដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី បានជួយរួចផុតពីការបាត់បង់ជីវិត ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅភូមិប៉ោយក្តឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា លោកតារងគ្រោះឈ្មោះ សុង អ៊ន អាយុ៧៤ឆ្នាំ នៅភូមិប៉ោយក្តឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុលោកតារងគ្រោះ គាត់បានដាក់ជណ្តើរឡើងកាប់មែកស្វាយ នៅខាងក្រោយផ្ទះ តែចៃដន្យជណ្តើររអិលដួល បណ្តាលឲ្យលោកតាធ្លាក់មកជង់នឹងមែកប្ញស្សីធំជាងមេដៃមានចុងស្រួចប្រវែងជិត១ម៉ែត្រ ដែលដោតអបដំណាំ មុតចំឃ្លៀកខាងស្តាំធ្លុះទៅជិតសៀតថ្កាខាងឆ្វេងរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
បច្ចុប្បន្នលោកតាត្រូវបានគ្រូពេទ្យជួយសង្គ្រោះបានរួចផុតពីការបាត់បង់ជីវិតហើយដែរ ។
យោងតាមគណនីហ្វេសបុករបស់បុរសម្នាក់ដែលមានឈ្នោះថា Keo Sopheaktra បានបង្ហោះនៅមុននេះបន្តិចថា «ថ្ងៃទី ០៤ តុលា ២០១៩ អរគុណក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ដែលបានជួយសង្គ្រោះជីវិតលោកតាបានដោយជោគជ័យហើយ គឺលោកតារស់នៅភូមិ ប៉ោយក្ដឿង ស្រុកព្រះនេត្រព្រះ ។
មូលហេតុ: លោកតាលើងកាប់មែកឈើ រអិលធ្លាក់ជង់នឹងឫស្សីធ្លាយពីគល់ឃ្លៀកឆាកទៅលលាដ៍ក្បាល មកដល់ម៉ោងនេះសុខភាពល្អ » ។ បើមើលទៅតាមមុខរបួសគឺគួរអោយរន្ធត់ណាស់ ព្រោះហេតុការរបៀបនេះមិនធ្លាប់មាននៅស្រុកខ្មែរយើងទេ ធ្លាប់តែឃើញតាមសារព័ត៌មានបរទេស ។ ហើយលោកតាពិតជាសំណាង១ក្នុង១លានគ្រោះថ្នាក់មែន ព្រោះមើលទៅគឺមិនអាចមានសង្ឃឹមនៅមានជីវិតទេ តែសូមអរគុណដល់ក្រុមគ្រូពេទ្យខេត្តបន្ទាយមានជ័យ ដែលខិតខំប្រឹងប្រែងក្នុងការសង្គ្រោះជីវិតរបស់លោកតា បានពីចង្កូមច្ចុរាជមកវិញបាន ៕