ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ច្រានចោលចំពោះការចោទប្រកាន់ថា ធ្វើឲ្យមនុស្សស្លាប់ក្រោយពីបានជ្រលក់ម្រាមដៃ ២៤ម៉ោង

129

ភ្នំពេញ៖ បន្ទាប់ពីមានមជ្ឈដ្ឋានអគតិមួយចំនួនតូចទាំងក្នុង និងក្រៅប្រទេស បានលើកឡើងថា ទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ធ្វើឲ្យមនុស្សស្លាប់ក្រោយពីបានជ្រលក់ម្រាមដៃ ២៤ម៉ោងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលចំពោះការចោទប្រកាន់នេះ។

នៅល្ងាចថ្ងៃទី១៧ខែកក្កដានេះ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីទឹកខ្មៅជ្រលក់ម្រាបដៃលុបមិនជ្រះ សម្រាប់ការបោះឆ្នោត នីតិកាលទី៦ មានគុណភាពខ្ពស់។ ដើម្បីបង្ហាញតម្លាភាព និងសុចរិភាពការងាររបស់គ.ជ.ប នៅព្រឹកនេះ គ.ជ.ប បានរៀបចំពិធីបង្ហាញគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ នៅសាលប្រជុំក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ តំណាងស្ថានទូត ស្ថានទូតចិន ស្ថានទូតទីម័រ ស្ថានទូតហ្វីលីពីន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ១០០នាក់។

នៅក្នុងឱកាសនេះ មានតំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងសមាជិកគ.ជ.ប ២រូបគឺ លោក ហ៊ែល សារ៉ាត់ ប្រធានដឹកនាំកិច្ចប្រជុំ និងលោក ឌឹម សុវណ្ណរុំ អ្នកនាំពាក្យគ.ជ.ប​ សរុប១២រូប បានធ្វើការសាកល្បងជ្រលក់ម្រាមដៃចូលក្នុងដបទឹកខ្មៅ ដែលជាលទ្ធផលបង្ហាញថាឲ្យឃើញថា ទឹកខ្មៅនោះពិតជាមានគុណភាពល្អ ដោយមិនអាចលាងជ្រះក្នុងរយៈពេលខ្លីបានទេ ទោះបីជាប្រើទឹកលាងសម្អាតរហូត ៥ប្រភេទខុសៗគ្នាក៏ដោយ ហើយទឹកខ្មៅនេះមិនប៉ះពាល់ដល់សុខភាពទេ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ គ.ជ.ប បានបញ្ជាទិញទឹកខ្មៅចំនួន ៥១០០០ដប ពីក្រុមហ៊ុនរបស់ឥណ្ឌាមួយឈ្មោះ Mysore paints and varnish limited ដោយចំណាយថវិកាអស់ប្រមាណ ៨០០.០០០ដុល្លារអាមេរិក។ ក្រុមហ៊ុននេះ បានផលិតទឹកខ្មៅតាំងពីឆ្នាំ១៩៣៨ គឺស្តេចនៅប្រទេសឥណ្ឌាជាអ្នកផ្តួចផ្តើមគំនិតក្នុងការផលិត ហើយការប្រើប្រាស់ទឹកខ្មៅ ជ្រលក់ម្រាមដៃលុបមិនជ្រះនេះ មិនមែនមានតែប្រើតែក្នុងប្រទេសកម្ពុជាទេ គឺមានប្រទេសជាច្រើនបានប្រើវាដែរ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលគ.ជ.ប បានប្រើប្រាស់ទឹកខ្មៅជ្រលក់ម្រាប​ដៃលុបមិន​ជ្រះ​​ដូចគ្នានេះ សម្រាប់បម្រើឲ្យការបោះឆ្នោត ហើយអ្វីដែលគ.ជ.ប បានសម្រេចប្រើទឹកខ្មៅនេះ គឺធ្វើឡើង​ស្រប​តាម​​ច្បាប់​។ នៅឆ្នាំ២០០៣ និងឆ្នាំ២០១៣ រដ្ឋាភិបាលឥណ្ឌាបានឧបត្ថម្ភទឹក​ខ្មៅ​នេះ ដល់គ.ជ.ប ទន្ទឹម​នឹង​​នេះ​ក៏មានការកោតសរសើរពីអ្នក​ជំនាញការបទេស​ដែលធ្លាប់ធ្វើការនៅទីស្តីការ គ.ជ.ប និងធ្លាប់​សហការ​ជា​មួយ​​​គ្នាយ៉ាងល្អដូចជា អង្គការ IFES ជាដើម ដែលបានយកទឹកខ្មៅ​ពីបណ្តា​ប្រទេសមួយចំនួនមក​ប្រៀប​ធៀប​នឹង​ទឹក​ខ្មៅ​ដែលយកពីប្រទេសឥណ្ឌា ហើយជាលទ្ធផលបង្ហាញឲ្យឃើញថា ទឹកខ្មៅដែលយកមកពី​ប្រទស​ឥណ្ឌា​មាន​គុណ​​ភាព​ខ្ពស់ជាងគេ​៕

 

អត្ថបទដែលជាប់ទាក់ទង